ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រសៀលថ្ងៃអង្គារ ទី១០ កញ្ញា ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក “ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព”។រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ ហើយទន្ទឹមនេះ ការនាំចូល បរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង។
រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
ក្រៅពីកត្តាទិន្នផល, កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និង វិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែល មានបទពិសោធន៍ និង កាន់កាប់ទីផ្សារ ក្នុងរយៈពេលយូរឆ្នាំក៏ដោយ៕
ដោយ៖ តារា