ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការប្រកួតប្រជែង មានសារៈសំខាន់?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការប្រកួតប្រជែង នឹងជួយឱ្យកម្ពុជា អាចប្រកួតប្រជែងកាន់តែខ្លាំង អាចទាញសក្តានុពលបានល្អប្រសើរ និងទាញយកអត្ថប្រយោជន៍បានកាន់តែច្រើនថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ តាមរយៈហេដ្ឋារចនាសម្ព័ន្ធរឹងមាំនេះដែរ ទោះបីនៅពេលដែលសេដ្ឋកិច្ចកំពុងមានបញ្ហា កម្ពុជា ក៏អាចមានលទ្ធភាពទប់ទល់និងរក្សាលំនឹងសេដ្ឋកិច្ចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ជាការកសាងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ដែលជាកត្តាសំខាន់មួយក្នុងការរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការពង្រីកកំពង់ផែ នឹងធ្វើឲ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ខណៈចំណតផែកុងតឺន័របន្ថែម នៅខេត្តព្រះសីហនុ ដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញ នាវាដឹកទំនិញធំៗ មកកាន់កម្ពុជាឲ្យបានកាន់តែច្រើន ៕

ដោយ ៖ សិលា


ចែករំលែក៖