ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ៖ សូមផ្អាកមួយរយៈក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ក្នុងករណីមានខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រតិបត្តិករប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាម បណ្តាកោះ ជ្រាបថា ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា “ ព្យុះ ទី១៣ ឈ្មោះ ប៊ីប៊ីនកា និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ នៅតែបន្តមានឥទ្ធិពលខ្លាំងលើ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា» ស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លើផ្ទៃដី ៥០%។ ចំពោះរលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ ២០២៤។

ក្នុងន័យនេះដើម្បីធានានូវសុវត្ថិភាពខ្ពស់ ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយ កត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជា នេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រតិបត្តិករប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ដូចខាងក្រោម៖

– សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ក្នុងករណីមានខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ សូមផ្អាក មួយរយៈ ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាលចាំចេញនេសាទ និងដឹកជញ្ជូនភ្ញៀវទេសចរ ជាធម្មតាឡើងវិញ។

– សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការលេងទឹកកំសាន្តតាមឆ្នេរសមុទ្រដែល មានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងប្រតិបត្តិករប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើឱ្យទទួលបានលទ្ធផលល្អ។

ទទួលបានសេចក្តីជូនដំណឹងនេះ កងកម្លាំងមានសមត្ថកិច្ច ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ដែនដី ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងត្រូវត្រៀមមធ្យោបាយ សម្ភារ និងកម្លាំង ដើម្បីត្រៀមអន្តរាគមន៍បានទាន់ពេលវេលា៕

ដោយ៖តារា

 


ចែករំលែក៖