ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតដឹកនាំគ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​នៅក្រុងរុន​តាឯក

ចែករំលែក៖

ខេត្តសៀមរាប៖ សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំ​ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងមាន​ការចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គណៈប្រតិភូអមដំណើរ និងមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំការពិនិត្យនិងព្យាបាលជំងឺដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

សកម្មភាពពិនិត្យនិងព្យាបាលជំងឺបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែនរុនតាឯកស្ថិតនៅតំបន់អភិវឌ្ឍន៍រុនតាឯកចាប់ពីវេលាម៉ោង៦និង៣០នាទីព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។ ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យជំងឺ​សរុប ៩.២២៤ ករណី។ នេះបើយាងតាមការបញ្ជាក់របស់​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។

ប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលយ៉ាង​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពិសេសពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់បានបង្ហាញនូវសេចក្តីត្រេកអរក្រែលែង​ចំពោះ​ទឹកចិត្តឈឺឆ្អាលនិងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលកំពុងរស់នៅលើទឹកដីកំពុងអភិវឌ្ឍន៍៕

ដោយ៖ សូរិយា


ចែករំលែក៖