ព័ត៌មានទាន់ហេតុការណ៍៖

សូមអញ្ជើញទៅខេត្តសៀមរាបកុំខាន! ព្រឹត្តិការណ៍៥ធំៗនឹង កើត ឡើង នៅលើទឹកដីអច្ឆរិយៈនេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រសិនជាពុំបានអញ្ជើញទៅកាន់ខេត្តប៉ូលទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានអេកូទេសចរណ៍ដ៏ធំមួយនេះពិតជា ស្តាយ ក្រោយ ។ ព្រឹត្តិការណ៍ធំៗចំនួន៥ នឹងកើតឡើងក្នុងខែ កញ្ញា នេះ លើទឹកដីខេត្តសៀមរាប។

ក្រសួងទេសចរណ៍បានបង្ហាញថា ព្រឹត្តិការណ៍៥ធំៗនឹងកើត ឡើង នៅក្នុងទឹកដីខេត្តសៀមរាប ក្នុងនោះ ៖

ទី១.ចាប់ពីថ្ងៃ ទី១៦-១៧ ខែកញ្ញា នេះនឹងមាន ព្រឹត្តិការណ៍ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោកដែលមានរថយន្ត ទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិត មាតិកា ល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ចនិង អ្នក វិនិយោគនានាជុំវិញពិភពលោក។ព្រឹត្តិការណ៍ GUMBALL 3000 Rally នឹងប្រារព្ធចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា នៅរាជធានីភ្នំពេញនិងខេត្តសៀមរាបដោយ មាន រថយន្តទំនើបៗរួម មាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នាចូលរួម ។

ទី២.ថ្ងៃទី១៥-១៩ ខែកញ្ញា ការលំអភ្លើងពេលរាត្រីនៅប្រាសាទ អង្គរវត្ត ក្លោងទ្វារទន្លេអុំ និងប្រាសាទបាយ័នត្រូវបានរៀបចំបំភ្លឺ ដោយពន្លឺភ្លើងនៅ ពេលរាត្រីយ៉ាងអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ Gumball3000ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលសំណង់ស្ថាបត្យកម្មបុរាណមានអាយុកាលរាប់ពាន់ឆ្នាំ ជួបជាមួយភាព អស្ចារ្យនៃសម័យទំនើបវប្បកម្ម។ក្នុងព្រឹត្តិការណ៍ដដែល នេះ “កម្ពុជានឹង ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស «ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

ចំណែកព្រឹត្តិការណ៍ទី៣.គឺនៅថ្ងៃទី១៩ ខែកញ្ញា វេទិកាទេស ចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ“ការលើក កម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖ បញ្ហាប្រឈម, ចក្ខុវិស័យ និងអនុសាសន៍” ។វេទិកានេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹង កិច្ចសហប្រតិបត្តិការ ទេសចរណ៍ទ្វេភាគីកម្ពុជា-ចិន ជំរុញលំហូរទេសចរ និង ទាក់ទាញវិនិយោគចិនមក វិនិយោគលើវិស័យទេសចរណ៍ កម្ពុជាស្របតាម គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ ក្រសួងទេសចរណ៍ និងដើម្បីចូលរួមជំរុញយុទ្ធនាការ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និង “ទស្សនាសៀមរាប ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ វេទិកានេះ ក៏នឹងផ្តល់ឱកាសឱ្យអ្នក ជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែក គំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាព ទទួលខុសត្រូវជាពិសេសផ្តល់ឱកាសសម្រាប់វិស័យឯកជននៃ ប្រទេសទាំងពីរបានជួបជុំគ្នា និងពង្រឹងបណ្តាញ ទំនាក់ ទំនង ទៅវិញទៅមក។

ទី៤.ថ្ងៃទី ២១-២៣ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែល យើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ អង្គរវត្ត មួយឆ្នាំមានតែ២ដងទេ ។ គួររំលឹកថា ព្រឹត្តិការណ៍សមរាត្រីលើកទី១បានកើតឡើងនៅថ្ងៃទី២ ១ ខែមីនា ដើមឆ្នាំនេះ។ ព្រះអាទិត្យរះឡើង កាត់តាមកំពូលប្រាង្គ កណ្តាលប្រាសាទអង្គរវត្ត ។ ជាព្រឹត្តិការណ៍ មហស្ចារ្យរបស់អង្គរវត្ត តែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិយ៉ាងច្រើនដែល ចង់ ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយក រូបភាពនេះទុកជាអនុស្សាវរីយ៍ ។ អ្នកស្រាវជ្រាវហៅ ព្រឹត្តិការណ៍នេះថា សមរាត្រី ( Equinox ) ដែលមានសរសេរ លើ សិលាចារឹកបុរាណថា « វិសុវ » គឺជាពេលដែល យប់និងថ្ងៃមានរយៈពេលស្មើគ្នា ។

ចំណែកព្រឹត្តិការណ៍ធំទី៥ គឺនៅថ្ងៃទី២៧ខែកញ្ញាជាថ្ងៃមួយដែលរដ្ឋបាលខេត្តសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ ពិភព លោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី, ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍,ការតាំងបង្ហាញឡាន,ម៉ូតូចាស់ៗជាដើម។

ក្រសួងទេសចរណ៍បានជូនសារថាសូមអញ្ជើញទៅខេត្តសៀមរាប អត់បានមកសៀមរាបប្រយ័ត្នស្តាយក្រោយណា!!៕ 

ប្រភព ៖ ក្រសួងព័ត៌មាន


ចែករំលែក៖