ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកទទូចដំឡើងពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិន សេដ្ឋវិទូនិងអង្គការពាណិជ្ជកម្មជាដើមសម្តែងការព្រួយបារម្ភនិងអស់សង្ឃឹមចំពោះរឿងនេះ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសសេចក្តីសម្រេចចិត្តចុងក្រោយអំពីការបន្ថែមយកពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិនកាលពីថ្ងៃទី១៣ខែកញ្ញា វិធានការពាក់ព័ន្ធនឹងចូលជាធរមាននៅថ្ងៃទី២៧ខែកញ្ញាខាងមុខនេះ ។ សេដ្ឋវិទូនិងអង្គការពាណិជ្ជកម្មជាដើមបានសម្តែងការព្រួយបារម្ភនិងអស់សង្ឃឹមចំពោះរឿងនេះ ដោយព្រមានថា ទង្វើនេះមិនមានអំណោយផលដល់ការដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ផ្ទុយទៅវិញនឹងបំផ្លាញផលប្រយោជន៍របស់សហគ្រាសនិងអ្នកប្រើប្រាស់របស់អាមេរិកថែមមួយកម្រិតទៀត ។ 

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson ដែលជាធនាគារគំនិតអាមេរិកបានថ្លែងថា បើមើលពីខ្លឹមសារនៃសេចក្តីប្រកាសនេះ គឺមានបម្រែបម្រួលតិចតួចណាស់បើប្រៀបធៀបនឹងពន្ធគយដែលគ្រោងនឹងកំណត់និងត្រូវប្រកាសនៅពេលមុននេះ ។ ទន្ទឹមនឹងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកជិតចូលមកដល់ ការប្រកួតប្រជែងបោះឆ្នោតរវាងបក្សទាំងពីរកំពុងមានភាពក្តៅគគុកពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ បក្សប្រជាធិបតេយ្យចង់ឆ្លៀតឱកាសនេះ ដើម្បី“បង្ហាញពីភាពខ្លាំងក្លា”លើបញ្ហានេះ ។ ព្រមពេលជាមួយគ្នានេះ អ្នកស្រាវជ្រាវរូបនេះបានលើកឡើងថា លទ្ធផលនៃពន្ធគយដែលមានស្រាប់បានត្រូវឆ្លុះបញ្ចាំងក្នុងតម្លៃទំនិញដែលបានកើនឡើងរបស់អ្នកប្រើប្រាស់និងថ្លៃដើមនៃសហគ្រាសអាមេរិកហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖