ភ្នំពេញ ៖ ជនសង្ស័យ០៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វេីការចាប់ឃាត់ខ្លួននិងបង្ហាញមុខជាសាធារណៈនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មុនបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេប្រេីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកូនកាំបិតចាក់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ចំនួន០២នាក់ ដែលបង្កឡេីងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះចំនួន០២នាក់ រួមមាន ៖ ទី០១-ឈ្មោះ ហោន ភារុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី០២-ឈ្មោះ រឿន រាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ខាន់ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ប៉ូវ ប៉ោត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះផន វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ ផល្លា ត្រឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និងទី៥-ឈ្មោះ អ៊ូច សារឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយជនសង្ស័យខាងលេីនេះសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះ រឿន រាជ ភេទប្រុស អាយុ ២០ឆ្នាំ និងជនរងគ្រោះឈ្មោះ ហោន ភារុំ ភេទប្រុស អាយុ២២ឆ្នាំ រួមជាមួយឈ្មោះ រឿន រាម ភេទប្រុស អាយុ១៨ឆ្នាំ (ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ រឿន រាជ) ក្រោយសម្រាកពីការងារជាកម្មករសំណង់ក៏បាននាំគ្នាផឹកស៊ីនៅកន្លែងធ្វើការស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយបានផឹកស្រាបៀរកម្ពុជាចំនួន០១កេស ។ រហូតដល់វេលាម៉ោង២០និង៥០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ រឿន រាជ ត្រូវបានប្រពន្ធទូរស័ព្ទហៅឱ្យត្រឡប់ទៅផ្ទះ ក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HQ-9526 ទៅផ្ទះមុន ។ មួយសន្ទុះក៏ជនរងគ្រោះឈ្មោះ រឿន រាជ បានជិះម៉ូតូត្រឡប់មកវិញប្រាប់ថា ពេលជិះម៉ូតូទៅតាមផ្លូវមានគេគប់សំបកកំប៉ុងស្រាបៀរត្រូវជើងរបស់គាត់ (ជនរងគ្រោះ ឈ្មោះ រឿន រាជ) រួចជនរងគ្រោះឈ្មោះ ហោន ភារុំ ក៏បាននិយាយថា ចាំរូបគាត់ ទៅសួរនាំឱ្យ រួចក៏បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JE-2694 ចេញទៅមុន ចំណែក ជនរងគ្រោះឈ្មោះ រឿន រាជ ជិះម៉ូតូចេញទៅតាមក្រោយ ហើយឈ្មោះ រឿន រាម ក៏បានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GX-1597 ទៅតាមពីក្រោយដែរ ។ ពេលជនរងគ្រោះជិះម៉ូតូម្នាក់០១គ្រឿងទៅដល់ក៏បានឃើញ ជនសង្ស័យចំនួន០៥នាក់ខាងលេីកំពុងអង្គុយផឹកស៊ី ហើយជនរងគ្រោះឈ្មោះ ហោន ភារុំ ក៏បានសួរនាំក្រុមជនសង្ស័យថា ម៉េចបានយកកំប៉ុងស្រាបៀរគប់ទៅលើឈ្មោះ រឿន រាជ អញ្ចឹង? ជនសង្ស័យទាំង០៥នាក់ក៏បាន ឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះនិងបានប្រតាយប្រតប់គ្នា។ ពេលនោះជនសង្ស័យឈ្មោះ អ៊ូច សារឿន (ម្ចាស់ផ្ទះ) បានយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះឈ្មោះ ហោន ភារុំ ចំនួន០២កូនកាំបិតត្រូវចំពោះរងរបួសធ្ងន់ រួចជនរងគ្រោះឈ្មោះ រឿន រាជ និងឈ្មោះ រឿន រាម បានចូលទៅជួយក៏ត្រូវជនសង្ស័យឈ្មោះ អ៊ូច សារឿន ចាក់ត្រូវ ចំពោះជនរងគ្រោះឈ្មោះ រឿន រាជ ម្នាក់ទៀតចំនួន០១កូនកាំបិតដែរបណ្តាលឱ្យរងរបួសធ្ងន់ ហើយក្រុមជនសង្ស័យទាំង០៥នាក់បានព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះទាំងពីរនាក់និងឈ្មោះ រឿន រាម ថែមទៀត តែឈ្មោះ រឿន រាម មិនមានរងរបួសទេ ។ ពេលនោះជនរងគ្រោះ ក៏បាននាំគ្នារត់គេចខ្លួនបានចម្ងាយ១០០ម៉ែត្រ ឈ្មោះ រឿន រាម ក៏បានហៅឡំប្រឺតាដឹកជនរងគ្រោះដែលរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។
បន្ទាប់មកក៏មានអ្នកជិតខាងបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ខាងលេីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ អ៊ួច សារឿន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពប្រើកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះទាំង០២នាក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានបោះកូនកាំបិតនោះចោលទៅក្នុងព្រៃមុខផ្ទះបាត់ ។ ដោយឡែក ជនស្ស័យចំនួន០៤នាក់ទៀតទី០១-ឈ្មោះ ប៉ូវ ប៉ោត ទី០២-ឈ្មោះ ផន វិច្ឆិកា ទី០៣-ឈ្មោះ ខាន់ សុខហេង ទី០៤-ឈ្មោះ ផល្លា ត្រឺ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួន (ជនសង្ស័យ) ពិតជាបានចូលរួមធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះប្រាកដមែន ។ បន្ទាប់មក ឈ្មោះ រឿន រាម (ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះឈ្មោះ រឿន រាជ) និងឈ្មោះ ហោន ភារី ភេទស្រី អាយុ៣០ឆ្នាំ (ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ហោន ភារុំ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យទាំង០៥នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ ចំពោះជនរងគ្រោះទាំងពីរនាក់រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី សមត្ថកិច្ចមិនអាចធ្វើការបំភ្លឺបានទេ ៕ ដោយ ៖ ភារ៉ា ដង្កោ