ភ្នំពេញ ៖ ក្នុងរយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០មុឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤មុឺនក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ (សុខៈ) បានលម្អិតឱ្យដឹងថា បើយោងតាមរបាយការណ៍របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន១៣២,៥១២ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន ៤៣,៧៤៤ក្បាល និងទុតិយតា១១៦,៦៩៩ក្បាល ផ្តល់សៀវភៅគ្រួសារថ្មីចំនួន ១០០,០៤៩ក្បាល បំបែកសៀវភៅគ្រួសារថ្មី ចំនួន ៣៣,៧៨៦ក្បាល ធ្វើទុតិយតាចំនួន ៨៧,៧៨៥ក្បាល ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ការផ្តល់សៀវភៅស្នាក់នៅបានចំនួន ៣,៣៩៨,៨៥៧ក្បាល ធ្វើទុតិយតាចំនួន ៧០៩,៦៣៧ក្បាល និងផ្តល់សៀវភៅគ្រួសារសរុប ៣,៣៩៨,៨៥៧ក្បាល ទុតិយតាចំនួន ៤៤២,០០៨ក្បាល។
លោកបណ្ឌិត ទូច សុឃ: បានបញ្ជាក់ទៀតចំពោះការបញ្ចូលទិន្ន័យចុះបញ្ជីទៅក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងនោះមានដូចជា ខេត្តកែប កំពត និង១៤សង្កាត់នៃរាជធានីភ្នំពេញរួមមាន សៀវភៅស្នាក់នៅចំនួន ៣,៧៦៧គ្រួសារ មានមនុស្ស ១៥,៧៩៦នាក់ ស្រី៨,០៣០នាក់។ សៀវភៅគ្រួសារចំនួន ១,១១៥គ្រួសារ មានមនុស្ស ៤,៤៧០នាក់ ស្រី២,៣០២នាក់។ ក្នុងនោះផងដែរបើបូកយោង គិតត្រឹមថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ការបញ្ចូលសៀវភៅស្នាក់នៅ ក្នុងប្រព័ន្ធបានចំនួន ១៦,៧៦៣គ្រួសារ និងសៀវភៅគ្រួសារបានចំនួន ៦,៧៧០គ្រួសារ។
ដោយអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមមហាផ្ទៃ បានលើកកម្ពស់គុណភាពសេវាសាធារណៈ ជាអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ដែលត្រូវអនុវត្តពីដើមនីតិកាលទី៧ ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
ដោយ ៖ សិលា