ព័ត៌មានទាន់ហេតុការណ៍៖

១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាពជូនប្រជាពលរដ្ឋបានជាង២១លានច្បាប់!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤  យ៉ាងហោចណាស់មានសេវាអត្រានុលដ្ឋានចំនួន៣ រួមមាន ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់ជូនប្រជាពលរដ្ឋសរុប ២១,១២៨,០៣១លានច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

លោកបណ្ឌិត ទូច សុឃ: (សុខៈ) បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋានចំនួន ២៦,១៥០ច្បាប់ ចេញសេចក្តីសម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២,១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន២០សញ្ជាតិ។ ដោយឡែក ការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានចំនួន៧,២៩៤,៦០០បញ្ជី។ 

«លទ្ធផលសម្រេចបានលើការងារអត្រានុកូលដ្ឋានទាំង៣ប្រភេទដូចបញ្ជាក់មកនេះ ជាស្នាដៃនៃការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់មូលដ្ឋាន និងក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់ចំពោះសេវាដ៏ចាំបាច់នេះ»។ នេះជាការគូសបញ្ជាក់បន្ថែមពីលោកបណ្ឌិត ទូច សុឃៈ (សុខៈ)។ បើតាមលោកបណ្ឌិត នៅមានសេវាអត្តសញ្ញាណកម្មផ្សេងទៀតដែលមន្រ្តីស៊ីវិល និងនគរបាលជាតិគ្រប់ថ្នាក់បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។ 

សូមបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់កែលម្អការងារសំខាន់ៗជាច្រើនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមទស្សនៈ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

ដោយ ៖ សិលា


ចែករំលែក៖