ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន នឹងកំពុងផ្ទេរធនធាននានា ក្នុងវិស័យសុខាភិបាលឱ្យបានទៅដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណល្អជូនដល់ពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានយកចិត្តទុកដាក់ជាសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាសុខាភិបាល ក្នុងនោះលទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញសេវាសុខាភិបាល ទៅ មូលដ្ឋាន ការកសាងប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដែលការងារនេះ បានពង្រីកជាប្រចាំ បូកផ្សំជាមួយនឹងការកសាងពង្រឹងហេដ្ឋារចនាសមព័ន្ធតភ្ជាប់ ដែលនេះជាកិច្ចការងារដ៏សំខាន់សម្រាប់គាំទ្រដល់ពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋភិបាល បាននឹងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្ដាល ការជ្រើសរើស និងការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ បង្អែក ស្រុក ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្ដល់សេវាថែទាំសុខភាពដោយគុណភាពជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សម្ដេចបន្តថា លើសនេះរាជរដ្ឋាភិបាលបានពង្រីកបន្ថែមនៃការគ្រប់ដណ្ឌប់នៃកម្មវិធីមូល និធិសមធម៌ សង្គមសុខាភិបាលជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ប.ស.ស. ដល់សមាជិកគ្រួសារ និងអ្នកនៅ ក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ ដែលឈរលើគោលការណ៍ ស្ម័គ្រចិត្ត ព្រមទាំងវិធីជំនួយ សង្គមផ្សេងទៀត ដល់ប្រជាជនគោលដៅ។
សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីកាលមុនៗនៃរដ្ឋសភា ចាត់ទុការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងនោះសុខភាពល្អរួមចំណែក យ៉ាងសំខាន់ ដល់សមត្ថភាពក្នុងការស្រូបយកចំណេះដឹងទូលំទូលាយ និងជំនាញឯកទេសពិតប្រាកដប្រកបដោយសីលធម៌វិជ្ជាជីវ ដែលទាំងនេះ គឺជាអាទិភាពគន្លឹះទីមួយដែល ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ភាពធន់ និងចីរភាព។
សម្ដេចបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់នានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្ដោតជាសំខាន់ លើការកាត់ បន្ថយការឈឺ និងការស្លាប់ដែលបណ្ដាលមកពីជំងឺជាពិសេសជំងឺមិនឆ្លងចំបងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា និងទារកកម្ពុជា និងអាហារូបត្ថម្ភ ការការពារ សុខភាពសាធារណៈ និងការការពារ និងគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន ៦ ចំណុច សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ ២០២៣ នៅក្នុងនោះកម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខភាពសុខាភិបាល ឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាព ជា សកលដោយចាប់ផ្ដើមពីទី១ ការផ្គត់ផ្គង់សេវាជូនគ្រោះសារងាយរងហានិភ័យប្រមាណជាង ៤០ ម៉ឺនគ្រួសារ ដែលមានសមាជិកសរុប ចំនួន ១,៥ លាននាក់ តាមរយៈការប្រើប្រាស់ មូលនិធិសមធម៌ សុខាភិបាល។ ទី២ ការពង្រីករបបថែទាំសុខភាព ប.ស.ស. ទាំងសម្រាប់ កម្មករនិយោជិត និងមន្រ្ដីសាធារណៈដែលគ្រប់ដណ្ដប់បន្ថែមដោយសមាជិក គ្រួសារនៅក្នុងបន្ទុកប្រមាណ ៣ លាននាក់តាមគោលការណ៍ស្ម័គ្រចិត្ត។ សរុប គម្រោងទាំងពីរនឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់ ទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភា។
ស្របជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ពេទ្យយើងមិនថា ពេទ្យរដ្ឋ ពេទ្យឯកជន ទៅពេទ្យមួយណានៅក្នុងប្រទេសក៏ព្យាបាលអាចទុកចិត្តបាន ចឹងគឺអាស្រ័យទៅលើពេទ្យ ហើយ, ក្នុងនោះក៏មានអ្នកលើកបញ្ហាច្រើនពីរឿងនេះ រឿងនោះ ខ្ញុំថាមិនមែនអត់បញ្ហាទេ ប៉ុន្តែសុំឱ្យមើលចំណុចវិជ្ជមានដែលពេទ្យយើងបានធ្វើច្រើនណាស់ មានប្រជាពលរដ្ឋរាប់លាននាក់ ក្នុងមួយឆ្នាំបានព្យាបាល ហើយបានធូរស្រាល»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទោះបីជាយ៉ាងណាយើងត្រូវពង្រឹងអភិក្រម ពង្រឹងគុណភាពពេទ្យឱ្យបានកាន់តែពូកែ ពេទ្យម្នាក់អាចតំណាងឱ្យពេទ្យរាប់ម៉ឺននាក់ក្នុងប្រទេស ព្រោះបើមាន បញ្ហា នៅកន្លែងគ្លីនិចណាមួយ គឺប៉ះពាល់ដល់ពេទ្យទាំងអស់ ដូចនេះយើងត្រូវធ្វើយ៉ាងណាបង្កើននូវសមត្ថភាព ការអនុវត្តន៍គុណភាពនៅក្នុងការព្យាបាលប្រជាពលរដ្ឋ ដែលនេះហើយជាការទទួលខុសត្រូវរបស់យើង៕
ដោយ ៖ សិលា