សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ទិន្នន័យរដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនប្រជាជននៅក្នុងប្រទេសអាស៉ីខាងកើតមួយនេះ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង បានកើនដល់តួលេខដ៏ខ្ពស់បំផុតមួយមិនធ្លាប់ គឺ៣៦.២៥លាននាក់។ឥឡូវ ចំនួនប្រជាជនវ័យចំណាស់ គឺស្មើនឹង២៩.៣ភាគរយ នៃចំនួនប្រជាជនសរុបនៅជប៉ុន ដែលបរិមាណនេះ ក៏ជាតួលេខខ្ពស់ថ្មី ផងដែរ។ ទិន្នន័យខាងលើនេះ ត្រូវបានចេញផ្សាយដោយ ក្រសួងមហាផ្ទៃនិងទំនាក់ទំនងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ រដ្ឋាភិបាលជប៉ុន បានប្រឹងប្រែងព្យាយាមពន្យឺតសន្ទុះ នៃការថយចុះចំនួនប្រជាជន និងការកើនឡើងភាគរយ នៃមនុស្សចាស់ៗ ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពឡើយ។
ទំហំដ៏ធំនៃមនុស្សវ័យចំណាស់ ក្នុងចំណោមប្រជាជនសរុបរបស់ជប៉ុន បានធ្វើឱ្យប្រទេសមួយនេះ ស្ថិតនៅកំពូលបញ្ជី នៃបណ្តាប្រទេសនិងតំបន់ប្រមាណ២០០ ដែលមានប្រជាជនសរុបលើស ១០០,០០០នាក់ នៅលើពិភពលោក។ អ៉ីតាលី ព័រទុយហ្កាល់ ក្រិក ហ្វាំងឡង់ អាល្លឺម៉ង់ និងក្រូអាស៉ី តំណាងឱ្យអឺរ៉ុប ស្ថិតក្នុងចំណោមប្រទេសលើគេទាំង១០ ដែលមានអត្រាមនុស្សចាស់ ក្នុងចំណោមប្រជាជនសរុប លើសពី២០ភាគរយ។ ដោយឡែក កូរ៉េខាងត្បូងមានអត្រានេះ១៩.៣ភាគរយ ខណៈចិនមាន១៤.៧ភាគរយ៕
ដោយ៖ ធីរីណា(រូបថត៖ kyodo)