ភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា កម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ទទួលបានគម្រោងវិនិយោគចំនួន២៨៧ កើនជាងឆ្នាំមុនចំនួន១២៣គម្រោង ដែលស្មើនឹង៧៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកឯទុនវិនិយោគវិញបានឡើងដល់៤,៧៨៤លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនេះគម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួន ២២៧.៩៦៥កន្លែង ក្នុងរយៈពេលដូចគ្នាដែលកើនឡើងជាងកាលពីឆ្នាំ២០២៣ ចំនួន៣៣,៤៥៩កន្លែង ក្នុងបរិមាណកំណើន១៧ ភាគរយ។ ក្នុងរយៈពេលដដែលគម្រោងវិនិយោគលើវិស័យឧស្សហកម្មមានការលេចធ្លោក្នុងកំណើន១០២ភាគរយ, វិស័យទេសចរណ៍កើន២៨៤ភាគរយ និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមានកំណើន៥,២៧៩ភាគរយ ខណៈគម្រោងវិនិយោគលើវិស័យកសិកម្មមានការថយចុះរហូតដល់(-៦៣ភាគរយ)។
CDC បានបន្ថែមថា ចំពោះប្រភពទុនវិនិយោគក្នុងរយៈពេល៨ខែឆ្នាំ ២០២៤នេះ ចិនមានចំនួន៥៦ភាគរយ, កម្ពុជាមានចំនួន៣៦ភាគរយ, សីង្ហបុរីចំនួន៤ភាគរយ, វៀតណាមចំនួន១ភាគរយ, ប្រទេសខេមែនអាយលែនមានចំនួន១ភាគរយ ហើយប្រទេសផ្សេងៗទៀតមានចំនួន២ភាគរយ។
យោងតាមរបាយការណ៍ខាងលើបានអោយដឹងថា ខេត្តកំពង់ស្ពឺទទួលបាន៦៧គម្រោង, ខេត្តស្វាយរៀងទទួលបាន៥៤គម្រោង, ខេត្តព្រះសីហនុទទួលបាន៣៨គម្រោង, រាជធានីភ្នំពេញទទួលបាន៣៥គម្រោង, ខេត្តតាកែវទទួលបាន៣០គម្រោង, ខេត្តកណ្តាលទទួលបាន២៦គម្រោង, ខេត្តកុះកុងទទួលបាន១៣គម្រោង, ខេត្តកំពង់ឆ្នាំងទទួលបាន៩គម្រោង, ខេត្តកំពង់ចាមទទួលបាន៥គម្រោង, ខេត្តស្ទឹងត្រែងទទួលបាន៣គម្រោង, ខេត្តកំពតទទួលបាន២គម្រោង, ខេត្តក្រចេះទទួលបាន២គម្រោង, ខេត្តព្រះវិហារទទួលបាន១គម្រោង, ខេត្តត្បូងឃ្មុំទទួលបាន១គម្រោង, និងខេត្តកែបទទួលបាន១គម្រោងផងដែរ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច