ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបន្តពង្រឹងសុខាភិបាលតាមរយៈអភិក្រមចំនួន២

ចែករំលែក៖

ភ្នំពេញ​៖​ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៅមន្ទីរពេទ្យកាល់ម៉ែត ដែលអគារទាំង៣នេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ៦២ លានដុល្លារអាម៉េរិក ដែលជាថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និង សម្តេច បានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិបានចាត់ទុកវិស័យសុខាភិបាលជាអាទិភាពដ៏សំខាន់បំផុត។ រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបំពាក់ឧបករណ៍ពេទ្យ, ការបណ្តុះបណ្តាល, ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស, ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព។ រាជរដ្ឋាភិបាលបានពង្រីកបន្ថែមនូវការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ ហើយត្រូវបានធានាថាការផ្តល់សេវាថែទាំសុខភាពត្រូវប្រកបដោយគុណភាពដូចគ្នាដោយគ្មានការរើសអើង។

សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តពង្រឹងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តអភិក្រមចំនួន២, អភិក្រមទី១ ការអនុវត្តពីលើចុះក្រោម គឺការធ្វើទំនើបកម្ម និងពិពិធកម្ម សេវាសុខាភិបាលនៅថ្នាក់ជាតិឱ្យកាន់តែទំនើប ហើយឈានទៅពង្រីកទៅដល់ថ្នាក់តំបន់ រហូតដល់តាមបណ្តាខេត្ត ដើម្បីអាចធ្វើវិមជ្ឈការនូវសមត្ថភាពព្យាបាលជំងឺសំខាន់មួយចំនួន ដូចជាវះកាត់បេះដូង វះកាត់ខួរក្បាល ដែលអាចធ្វើបាននៅត្រឹមថ្នាក់តំបន់ និងបណ្តាខេត្តនាពេលអនាគត។ ទាំងនេះ គឺជាការចាំបាច់ដែលត្រូវវិនិយោគជាប់ជាប្រចាំដល់ការធ្វើទំនើបកម្ម និងពិពិធកម្ម, ការបំពាក់ឧបករណ៍ពេទ្យទំនើប, ការបណ្តុះបណ្តាលគ្រូពេទ្យ, និង ការផ្គត់ផ្គង់ឱសថដែលមានគុណភាពខ្ពស់។ អភិក្រមទី២ គឺការអនុវត្តពីក្រោមឡើងលើ ដែលជាការពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានចាប់ផ្តើមពីការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់វិធានការគន្លឹះ១ ក្នុងចំណោមវិធានគន្លឹះ៥ គឺការពង្រឹងមណ្ឌលសុខភាព ដែលអាចផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ២៤ម៉ោងលើ២៤ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង នៅមូលដ្ឋាន។

សម្តេចធិបតី បានមានប្រសាសន៍ថា គ្រូពេទ្យមានគុណតម្លៃខ្លាំងណាស់សម្រាប់អ្នកជំងឺ គ្រូពេទ្យគឺធ្វើការរបស់ទេវតា គ្រូពេទ្យបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយថែរក្សាសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។ ជាមួយគ្នានេះ, សម្តេចធិបតី បានអំពាវនាវឱ្យក្រសួងសុខាភិបាល ក្រសួងអបរំ យុវជន និងកីឡា និងប្រជាពលរដ្ឋ បង្កើនការអប់រំផ្នែកសុខភាព និងចូលរួមបង្ការជំងឺនានា ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “សុខភាពល្អ គឺជាទ្រព្យ ឯសុខភាពមិនល្អ គឺជាបន្ទុក”។ 

សម្តេចធិបតី ក៏បានអំពាវនាវដល់ស្ថាប័នដែលមានជំនាញបណ្តុះបណ្តាលលើវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ធ្វើយ៉ាងណាត្រូវប្រកាន់យកការបណ្តុះបណ្តាលប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ មានវិជ្ជាជីវៈពិតប្រាកដ ដែលអាចជួយដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ជាមួយនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្តេចធិបតី បានស្នើក្រសួងសុខាភិបាល ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើនសម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ជាពិសេស ជំរុញការបណ្តុះបណ្តាលឱ្យវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំវេជ្ជសាស្ត្រ ចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទិន្នន័យសុខភាពអ្នកជំងឺ សំដៅជំរុញប្រសិទ្ធភាពនៃការព្យាបាល និង តាមដានសុខភាព ព្រមទាំងការផ្តល់សេវាសុខាភិបាលមានគុណភាពខ្ពស់ និង ត្រឹមត្រូវ តាមបច្ចេកទេសសុខាភិបាលច្បាស់លាស់៕

ដោយ​៖ តារា​


ចែករំលែក៖