ក្នុងពេលនេះប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី រងគ្រោះទឹកជំនន់ ក្នុងនោះមាន ចិន វៀតណាម ថៃ មីយ៉ាន់ម៉ា…។ ក្នុងពេលនេះប្រទេសនៅតំបន់អឺរ៉ុបកណ្តាលដូចជា ប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆែក កំពុងជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុបកណ្តាល ទើបនឹងចាប់ផ្តើមរៀបចំការសម្អាតឡើងវិញ ក្រោយទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ និងអ្នកស្លាប់ជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
តំបន់ព្រំដែនរវាងសាធារណរដ្ឋឆែក និងប៉ូឡូញ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង កាលពីចុងសប្តាហ៍កន្លងទៅ ដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីសប្តាហ៍មុនមក ហើយកម្រិតទឹកបានហក់ឡើងបណ្តាលឱ្យបាក់ស្ពាន បង្ខំឱ្យប្រជាជនជម្លៀសចេញ ខូចខាតរថយន្ត និងផ្ទះសម្បែង។ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ដោយទឹកជំនន់ រាប់ចាប់តាំងពីប្រទេសរ៉ូម៉ានី រហូតដល់ប្រទេសប៉ឡូញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ គិតត្រឹមល្ងាចថ្ងៃចន្ទ ទីក្រុង Nysa ដែលមានមនុស្សជាង ៤០,០០០នាក់នៅភាគខាងត្បូងប៉ូឡូញ ត្រូវបានណែនាំឱ្យស្ថិតក្រោមការជម្លៀសបន្ទាន់ បន្ទាប់ពីច្រាំងទន្លេជិតបាក់។
ដោយឡែក ទីក្រុង Ostrava ភាគឦសានប្រទេសឆែក ការបាក់ច្រាំទន្លេ Odra នៅចំណុចប្រសព្វជាមួយទន្លេ Opava បណ្តាលឱ្យជន់លិចតំបន់ឧស្សាហកម្មរបស់ទីក្រុង រួមទាំងរោងចក្រគីមីផងដែរ។ មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីតំបន់លំនៅដ្ឋានជាច្រើន។ អ្នកស្រុកនៅទីក្រុង Litovel ប្រទេសឆែក ដែល ៧០ភាគរយជន់លិចដោយទឹកជំនន់ជម្រៅប្រហែល ១ម៉ែត្រ ក៏កំពុងស្ថិតក្នុងភាពភ័យខ្លាច ព្រោះទឹកបានហក់ឡើងយ៉ាងឆាប់រហ័ស កាលពីចុងសប្តាហ៍។
នៅប្រទេសរ៉ូម៉ានី ទឹកជំនន់បានសម្លាប់មនុស្ស ៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយឡែក នៅរដ្ឋ Lower Austria នៃប្រទេសអូទ្រីស អ្នកនាំពាក្យប៉ូលិស បានឱ្យដឹងថា បុរសពីរនាក់អាយុ ៧០ឆ្នាំ និង ៨០ឆ្នាំត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ ក្នុងផ្ទះរបស់ពួកគេ។ ចំណែក រដ្ឋធានី Bratislava របស់ប្រទេសស្លូវ៉ាគី និងរដ្ឋធានី Budapest នៃប្រទេសហុងគ្រី កំពុងត្រៀមលក្ខណៈ សម្រាប់ទឹកជំនន់ដែលអាចកើតមាន ខណៈទឹកទន្លេ Danube កំពុងហក់ឡើង៕
ដោយ៖ ធីរីណា(រូបថត៖ AFP)