ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដែលជាអំណោយរបស់ឯកឧត្តមអភិបាល និងលោកជំទាវ ដែលចំណាយថវិកាអស់ចំនួន១៨,០០០ដុល្លារអាមេរិក ។ 

ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុងបាវិត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំ៣ ប្រភេទ និងមានការចូលរួមពី មន្ត្រីរាជការក្រុង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្រុងបាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទ សរុប ប្រមាណ៤០០នាក់។ 

មានប្រសាសន៍ទៅកាន់ពិធីនេះដែរ លោកអភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលផ្លូវមួយខ្សែនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិ របស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ជាក់ស្តែងផ្លូវនេះ និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងដឹកជញ្ជូនទំនិញនិងកសិផលនានា ជាពិសេបងប្អូនកម្មករកម្មការនីរោងចក្រ និងប្រើប្រាស់ផ្លូវនេះទៅបំពេញការងារប្រចាំថ្ងៃ។  

លោក បានផ្តាំផ្ញើរនូវចំណុចសំខាន់ៗមួយចំនួនទៅកាន់ពិធីនេះដូចខាងក្រោម៖

១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅយើង។

២.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាន នូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលនិងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។

៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលផ្លូវមួយខ្សែនេះឲ្យបានល្អ  ការដឹកជញ្ជូនកុំដឹកលើសទម្ងន់ជាដើម ។

៤.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខសុវត្ថិភាពឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ៕

ដោយ ៖ សិលា


ចែករំលែក៖