ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែកញ្ញាថា នាវាពីរគ្រឿង Meishan និង Xiushan នៃឆ្មាំឆ្នេរសមុទ្រចិនទើបតែចូលចតនៅកំពង់ផែ Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសមយុទ្ធ និងល្បាតរួមគ្នាជាមួយកងកម្លាំងរុស្ស៊ី។សារព័ត៌មាន RIA បានដកស្រង់សម្តីនាយកដ្ឋានកិច្ចការបរទេសក្នុងស្រុកនៃក្រសួងការបរទេសរុស្ស៊ីថា “ព្រឹត្តិការណ៍ជាច្រើនត្រូវបានគ្រោងសម្រាប់ដំណើរទស្សនកិច្ចនេះ រួមទាំងសមយុទ្ធ និងការល្បាតរួមគ្នា” ។
យោងតាមព័ត៌មាន ពិធីទទួលស្វាគមន៍កងនាវាចរចិន បានធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ហើយសកម្មភាពនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែកញ្ញា។
កន្លងមក ក្រសួងការពារជាតិចិនបានប្រកាសថា ខ្លួននឹងបញ្ជូនកងកម្លាំងទៅចូលរួមក្នុងសមយុទ្ធដែនសមុទ្រ និងផ្លូវអាកាសរួមគ្នាជាមួយរុស្ស៊ីក្នុងខែនេះ។
សមយុទ្ធដែលមានឈ្មោះថា “Northern United-2024” ធ្វើឡើងនៅសមុទ្រជប៉ុន និងសមុទ្រ Okhotsk ។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា ខ្លួនបានរកឃើញកប៉ាល់កងទ័ពជើងទឹកចិនចំនួន ៥ គ្រឿង “កំពុងធ្វើដំណើរទៅភាគឦសានតាមច្រក Tsushima ឆ្ពោះទៅសមុទ្រជប៉ុន ចាប់ពីថ្ងៃទី 14-15 ខែកញ្ញា”។
កងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជូននាវាល្បាត និងយន្តហោះ ដើម្បីធ្វើការឃ្លាំមើល និងប្រមូលព័ត៌មាន។
ច្រកសមុទ្រ Tsushima ស្ថិតនៅចន្លោះកូរ៉េ និងជប៉ុន ដោយតភ្ជាប់សមុទ្រជប៉ុនជាមួយសមុទ្រខាងកើត។
ក្រសួងការពារជាតិរបស់ប្រទេសចិនបាននិយាយថា គោលបំណងនៃសកម្មភាពនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ និង “ពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម” ៕ ដោយ៖ ធីរីណា
រូបថត៖ tienphong