ភ្នំពេញ៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃពុធទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារៈនៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន៣០០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសំរាប់ពេលនេះ សម្តេចនិងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខលោកអ៊ុំ លោកពូ ដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល,មី ១កេសតូច,ទឹកដោះគោ ៥កំប៉ុង,ត្រីខ ១យួរ, តែ១កញ្ចប់,ខោអាវ ២០ ដែល ទទួលបានពីយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ របស់សមាគម កាយឫទ្ធិនារី កម្ពុជា ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រេចបានលទ្ធផលជាច្រើននិងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ អាជីវករនិងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជាក៏មិនអាចមានសកម្មភាពផុលផុសដូចពេលនេះដែរ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាជួយអភិរក្សស៊ីក្លូ តាមរយៈការជួយជិះដើរលេងកម្សាន្ត ថតរូបជាអនុស្សាវីយ៍ ដើម្បីអោយកូនចៅយើងសម័យក្រោយៗ នៅតែស្គាល់ស៊ីក្លូរបស់យើងរហូតតទៅ។
លោកជំទាវក៏បានសូមអោយលោកអ៊ំលោកពូ សមាជិកមូលនិធិត្រីចក្រយាន ខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត៕
ដោយ ៖ សំរិត