ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០២គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ២១២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៥០គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៦៩គ្រឿង និងម៉ូតូ ១៧៩គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,៧០៣គ្រឿង, រថយន្តធំ ១៤១គ្រឿង, រថយន្តតូច ២,៨១៨គ្រឿង, ម៉ូតូ ៤,៧៤៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៣៥២គ្រឿង, រថយន្តធំ ៧១គ្រឿង, រថយន្តតូច ១,៧៤៣គ្រឿង និងម៉ូតូ ៣,៥៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖