ភ្នំពេញ ៖ លោក តាន់ គឹមសួរ អ្នកការពារ អភិរក្សព្រៃឈើ សត្វព្រៃ បានព្យាយាមស្រាវជ្រាវ រកភ័ស្តុតាងពីសកម្មភាពនៅមានវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ ? ដោយកាលពីម្សិលមុិញ លោកបានបង្ហោះលើផេកផ្លូវការថា ៖ «នេះគឺជាលទ្ធផលដ៏ធំធេងមួយដែលខ្ញុំបានរុករកឃើញ ហើយបានស្នើសុំកំលាំងសហការពីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រួមជាមួយថ្នាក់ខេត្តកំពង់ធំបង្ក្រាបបាននូវបទល្មើសព្រៃឈើដ៏ធំនៅខេត្តកំពង់ធំ។
លោក តាន់ គឹមសួរ អ្នកការពារ អភិរក្សព្រៃឈើ សត្វព្រៃ បានបន្តថា ៖ ទាំងនេះគឺសុទ្ធសឹងតែជាប្រភពឬសគល់នៃវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ (សុំទោសព្រៃឡង់ដែលខ្ញុំមកយឺតបន្តិច)។
លោកលើកឡើងថា ៖ ករណីទាំងនេះក៏ខ្ញុំបានធ្វើការរាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា ហើយក៏ទទួលបាននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចផងដែរដើម្បីធ្វើយ៉ាងណាបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនេះឲ្យបានប្រសិទ្ធភាព។
លោក តាន់ គឹមសួរ អ្នកការពារ អភិរក្សព្រៃឈើ សត្វព្រៃ បាន សូមផ្ដាំទៅមន្ត្រីដែលកំពុងតែសម្រួលលើករណីនេះឲ្យបានជ្រាបថា កុំព្រហើន!!! ប្រយ័ត្នសូម្បីតែដំណែងក៏មិនអាចរក្សាបាន ថែមទាំងជាប់ទោសជាជនក្បត់ជាតិទៅទៀត។ ដឹងទេថារាជរដ្ឋាភិបាលមិនចូលចិត្តអាណាដែលខូចទេ?
លោកថា ៖ ពួកយើងកំពុងតែរង់ចាំមើលថាតើចំណាត់ការរបស់តុលាការយ៉ាងណាទៅលើករណីនេះ ឧក្រិដ្ឋជនព្រៃឈើដែលខ្ញុំបានបោះអត្តសញ្ញាណឲ្យទាំងនេះនឹងរួចទោសឬយ៉ាងណា? លោកថា៖ «ខ្ញុំបង្ហាញរូបភាពទាំងនេះត្រឹម ២០%តែប៉ុណ្ណោះ» ៕
ដោយ ៖ សិលា