អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានផ្ញើលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតលើកទី ៦៨ នៃអង្គការថាមពលបរមាណូអន្តរជាតិនៅថ្ងៃទី ១៦ ខែកញ្ញា។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ជាបឋម លោក Li Qiang បានតាងនាមរដ្ឋាភិបាលចិនសម្តែងការអបអរសាទរចំពោះការបើកមហាសន្និបាត ។ លោកបានលើកឡើងថា ថាមពលនុយក្លេអ៊ែរគឺជាប្រភពថាមពលស្អាតដ៏សំខាន់។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវការកសាងប្រព័ន្ធសន្តិសុខនុយក្លេអ៊ែរអន្តរជាតិមួយដែលប្រកបដោយភាពយុត្តិធម៌ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ ចាប់តាំងពីចូលរួមក្នុងអង្គការថាមពលបរមាណូអន្តរជាតិអស់រយៈពេល ៤០ ឆ្នាំកន្លងមក ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រការងាររបស់អង្គការថាមពលបរមាណូអន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយក្នុងវិស័យអភិវឌ្ឍន៍ និង ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សន្តិសុខនិងការការពារសន្តិសុខនុយក្លេអ៊ែរ ការធានា ការត្រួតពិនិត្យ និងការបង្កការរីកសាយភាយអាវុធនុយក្លេអ៊ែរជាដើម ដោយបានរួមចំណែកដ៏សំខាន់ដល់ការគ្រប់គ្រង និងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរសកល។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Li Qiang បន្តថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការថាមពលបរមាណូអន្តរជាតិ និងរដ្ឋសមាជិកដទៃទៀត ដើម្បីរួមគ្នាជំរុញអភិបាលកិច្ចថាមពលនុយក្លេអ៊ែរសកលឱ្យមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល ការអភិវឌ្ឍនិងប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកថាមពលនុយក្លេអ៊ែរកាន់តែបើកចំហ និងមានសណ្តាប់ធ្នាប់៕
ដោយ ៖ សិលា