ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ៖ ក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវបន្តសកម្មភាពរួមចំណែកលើកស្ទួយ និងបំពេញភារកិច្ចជួយសង្គមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវបន្តសកម្មភាពការងារឱ្យស្របតាមចក្ខុវិស័យរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាផ្នែកមួយនៃការចូលរួមចំណែកលើកស្ទួយកិច្ចការសង្គម និងបំពេញភារកិច្ចជួយសង្គមជាតិបន្តបន្ទាប់តរៀងទៅ ។ 

នេះជាប្រសាសន៍លើកឡើងរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែម ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់ក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ ដែលកន្លងមកបានខិតខំប្រែងក្នុងការចូលរួមចំណែកបន្តបេសកកម្មរបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ 

លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនដ៏ធំមួយ បាននិងកំពុងបំពេញភារកិច្ចស្នូលយ៉ាងសកម្ម ក្នុងការកៀរគរនិងប្រមូលផ្តុំយុវជននៅគ្រប់ទិសទី ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ ដើម្បីចូលរួមជាមួយរាជរដ្ឋា-ភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។

លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្ថែមថា ការបង្កើតឡើងនូវសហភាពសហព័ន្ធយុវជនកម្ពុជា គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចអភិវឌ្ឍសង្គម ឱ្យយុវជនឱ្យចូលរួមក្នុងចលនាលើកតម្កើងកិត្យានុភាព ប្រពៃណី និងវប្បធម៌ជាតិ តាមរយៈការបង្កើតនូវកម្មវិធីជាតិ ការចូលរួមក្នុងកម្មវិធីអន្តរជាតិនានា ការចូលរួមអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាល និងវគ្គបំប៉នក៏ដូចជាការផ្តល់នូវអាហារូបករណ៍ និងការចូលរួមផ្សេងៗជាច្រើនទៀតទាំង កិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖