ព័ត៌មានទាន់ហេតុការណ៍៖

រដូវភ្ជុំ​បិណ្ឌ​ មិនខ្លាចបុណ្យបាប! ហ៊ានលួចកោដ្ឋធ្វើអំពីមាស នៅតាមវត្តក្នុងមូលដ្ឋានស្រុកអង្គស្នួល​ ចុងក្រោយ​ទេវតា​មិនជួយ​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត​ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវបង្រ្កាប​ និងឃាត់ខ្លួន​មុខសញ្ញា​ចោរជំនាញលួច (កោដ្ឋធ្វើអំពីមាស ) ចំនួន០២លើក ០២វត្ដក្នុងស្រុកអង្គស្នួល​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ទី១,​ បានកើតហេតុកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩​ និង១៥នាទីព្រឹក​ នៅក្នុងវត្តគោសិង្គសាលវ័ន (ហៅវត្ដព្រៃគោ) ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងវត្តចំបក់មានជ័យ ស្ថិតនៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយជនរងគ្រោះ( ព្រះសង្ឃ០២វត្ដ)​ ទី១.ឈ្មោះ ជួន ណេម ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ ព្រះសង្ឃចៅអធិការ គង់នៅវត្តគោសិង្គសាលវ័ន ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។​ និង២.ឈ្មោះ ស្ងួន ផន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ព្រះសង្ឃចៅអធិការ គង់នៅវត្តចំបក់មានជ័យ ស្ថិតនៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (លោកមិនដាក់ពាក្យបណ្តឹង)។

ចំណែក​ជនសង្ស័យម្នាក់ឈ្មោះ ទី ឌីណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិល្បៈចម្រៀង ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល  (ឃាត់ខ្លួនថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ​២០២៤)។

វត្ថុតាងចាប់យករួមមាន៖

១.កោដ្ឋធ្វើអំពីមាស ០១ និងព្រះសារីរិកធាតុ ០១គ្រាប់។

២.ម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KI-5419 ។

៣.ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone11 ពណ៌ស្វាយ។

សម្ភារៈបាត់បង់​ រួមមាន​៖​ ១.កោដ្ឋធ្វើអំពីមាស ០១ (ជនសង្ស័យយកទៅប្រគេននៅវត្ដសន្លុង ស្រុកកណ្ដាលស្ទឹង)។​ ២.បន្តោងយុថ្កាខ្សែក ធ្វើអំពីមាស០១(លក់នៅខេត្ដសៀមរាប) ។​ ៣.កោដ្ឋធ្វើអំពីមាស មានដាំត្បូង ០១ និងចិញ្ចៀនមាស ០១វង់ (របស់វត្ដចំបក់មានជ័យ)។

តាមការស្រាវជ្រាវសមត្ថកិច្ចបានកំណត់មុខសញ្ញាបាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល សហការជានមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ទី ឌីណាក់ បានបន្ទាប់ពីសួរចម្លើយជនសង្ស័យបានសារភាពដូចខាងក្រោម៖

-លើកទី១៖ កាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី ខ្លួនបានចូលធ្វើសកម្មភាពលួច របស់មានតម្លៃនៅវត្តចំបក់មានជ័យ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល លួចបានកោដ្ឋធ្វើអំពីមាស ០១ និងចិញ្ចៀនមាស ០១វង់ បានយកទៅលក់ក្នុងផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាក់៣,២៥៩$ (បីពាន់ពីររយហាសិបប្រាំបួនដុល្លារ)។  ចំណែកចិញ្ចៀនមាសយកទៅលក់នៅខេត្តសៀបរាប បានប្រាក់ចំនួន១៣០$ (មួយរយសាមសិប) សរុបទាំងអស់៣,៣៨៩$ (បីពាន់បីរយប៉ែតសិបប្រាំបួនដុល្លារ)។ 

-លើកទី២៖ កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី ខ្លួនបានចូលធ្វើសកម្មភាពលួចនៅក្នុងវត្តគោសិង្គសាលវ័ន (ហៅវត្តព្រៃគោ) ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយលួចបានកោដ្ឋធ្វើអំពីមាសចំនួន០២ និងបន្តោងខ្សែក ០១ ធ្វើអំពីមាស។ ដោយមានចិត្តស្រលាញ់ជនសង្ស័យក៏បានរក្សាកោដ្ឋទាំង០២ ដើម្បីដុតធូបបូជានៅបន្ទប់ជួលរបស់ខ្លួនអស់រយៈពេល០១សប្តាហ៍ តែពេលដេកលក់តែងតែយល់សប្តិអាក្រក់ៗពេក ក៏បានសម្រេចចិត្តយកទៅប្រគេននៅវត្តសន្លុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ០១កោដ្ឋ និងទៅប្រគេននៅវត្តចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ០១កោដ្ឋ។ 

ចំណែកបន្តោងខ្សែកមួយធ្វើអំពីមាស មួយនោះបានយកទៅលក់នៅខេត្តសៀមរាប បានប្រាក់ចំនួន២៨០$។

+ចំពោះប្រាក់ដែលខ្លួនលក់គ្រឿងមានតម្លៃទាំងអស់នោះបានចាយវាយអស់ហើយ។

គួរបញ្ជាក់ថា​ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។​ អាស្រ័យហេតុនេះសូមសាធារណជនជ្រាប!៕

ដោយ​៖ តារា​


ចែករំលែក៖