អ្នកចាត់ការក្រោមសម្ពាធរបស់ West Ham លោក Julen Lopetegui បានប្រាប់អ្នកគាំទ្ររបស់ក្លិបឱ្យរក្សាទុកការវិនិច្ឆ័យរបស់ពួកគេលើរូបគាត់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
អតីតគ្រូបង្វឹកក្រុម Real Madrid និងអេស្ប៉ាញរូបនេះបានជំនួសតំណែងលោក David Moyes នៅរដូវក្តៅ ប៉ុន្តែបានត្រួតពិនិត្យការចាប់ផ្តើមដ៏ខកចិត្តក្នុងយុទ្ធនាការថ្មី បើទោះបីជាចំណាយប្រាក់១២០លានផោនលើកីឡាករថ្មីប្រាំបួននាក់ក៏ដោយ។
ក្រុមញញួរធំ West Ham បានចាញ់ការប្រកួតក្នុងផ្ទះខ្លួនឯងចំនួន៣លើកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយត្រូវបានក្រុម Liverpool លត់ ៥-១ ក្នុងការប្រកួត League Cup កាលពីថ្ងៃពុធ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានរិះគន់ដោយផ្នែកនៃការគាំទ្រក្នុងផ្ទះអំឡុងពេលពួកគេចាញ់ Chelsea ៣-០ កាលពីថ្ងៃសៅរ៍មុនបាននិយាយថា “ការងាររបស់គ្រូបង្វឹកគឺតែងតែដូចនេះ។ យើងមានបទពិសោធន៍អំពីរឿងនេះ ហើយយើងកំពុងគិតពីរបៀបកែលម្អក្រុម ដើម្បីអាចលេងបានល្អជាងមុន និងអភិវឌ្ឍជំនាញរបស់យើងដើម្បីឈ្នះការប្រកួត។ នេះគឺជាការងាររបស់យើង ហើយនេះគឺជាសម្ពាធខ្ពស់ដែលខ្ញុំអាចមានអារម្មណ៍ជារៀងរាល់ថ្ងៃក្នុងនាមជាគ្រូបង្វឹក។ ខ្ញុំគិតថា Premier League មាន៣៨ ប្រកួត ហើយយើងនឹងនិយាយគ្នានៅខែឧសភា”។
លោក Lopetegui បានបន្ថែមថា “វាតែងតែមានសារៈសំខាន់ក្នុងការទទួលបានជ័យជម្នះជានិច្ច សំខាន់ជាងនេះទៅទៀត នៅពេលដែលអ្នកចាញ់ពីរប្រកួតចុងក្រោយដូចដែលយើងបានធ្វើ។ សម្រាប់ពួកយើង នោះហើយជាមូលហេតុដែលវាតែងតែសំខាន់ ហើយការប្រកួត Brentford នឹងទៅជាបែបនេះសំខាន់គឺ៣ពិន្ទុទល់នឹងក្រុមល្អណាស់។ យើងបានដឹងថាយើងនឹងមានការងារច្រើន និងបញ្ហាជាច្រើន។ ឈ្នះមួយតែងតែបង្កើនទំនុកចិត្តរបស់អ្នក បង្កើនរឿងល្អជាច្រើនសម្រាប់អ្នក ហើយយើងធ្វើការដើម្បីនោះ”។
West Ham ដែលកំពុងឈរនៅលេខ១៤ក្នុង Premier League ធ្វើដំណើរទៅទឹកដីក្រុម Brentford នៅថ្ងៃសៅរ៍នេះ មុនពេលធ្វើជាម្ចាស់ផ្ទះទទួល Ipswich ក្នុង២ប្រកួតដែលពួកគេសង្ឃឹមថានឹងផ្តល់នូវវេទិកាមួយដើម្បីឡើងតារាង ៕
ដោយ៖ ភារៈ (រូបភាព ៖ The Mirror)