ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ”សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”រៀបចំធ្វើនៅក្រុង Ottawa

ចែករំលែក៖

 អន្តរជាតិ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ”សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើដោយជោគជ័យនៅក្រុង Ottawa ប្រទេសកាណាដា ។ 

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ ភ្ញៀវកិត្តិយសចំនួនជាង ៥០០ រូបដែលជាតំណាងមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម បញ្ញវន្តនិងប្រព័ន្ធសារព័ត៌មានបានអញ្ជើញចូលរួមសកម្មភាពនេះ ។

    លោក Shen Haixiong បានថ្លែងថា សកម្មភាពនេះពោរពេញដោយមនោសញ្ចេតនាខាងវប្បធម៌មនុស្សជាតិ ខាងស្មារតីនិងភាពល្អផូរផង់នៃវប្បធម៌របស់ចិន ។ ក្នុងឱកាសខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពនេះដើម្បីទទួលយកសំបុត្រពីទូទាំងពិភពលោក ក្នុងនោះ មានមិត្តភក្តិដែលមកពីប្រទេសជាង ៦០ បានផ្ញើសំបុត្រសរុបជាង ១៦០០ ច្បាប់ដើម្បីរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេជាមួយប្រទេសចិនតាមរយៈភាសាខុសៗគ្នា ។ យើងនឹងចាត់ទុកការបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិអន្តរជាតិ ជំរុញកិច្ចសន្ទនាអំពីអរិយធម៌សកលនិងជំរុញការតភ្ជាប់ដួងចិត្តប្រជាជនជាភារកិច្ចរបស់ខ្លួនដើម្បីពួតដៃគ្នាឆ្ពោះទៅមុខនិងចារទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យលើមាគ៌ាជំរុញការកសាងសហគមន៍រួមជោគវាសនានៃមនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖