ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ បានផ្សាយថា វៀតណាមបានប្រកាសថា អ្នកទោសជិត៣,៨០០នាក់ រួមមានទាំងជនបរទេសផងដែរ នឹងត្រូវដោះលែង ក្រោមការលើកលែងទោសចុងក្រោយបំផុត។
គិតចាប់តាំងពីឆ្នាំ២០០៩មក វៀតណាមធ្លាប់បានប្រកាស ការលើកលែងទោសពិសេសចំនួន៩លើក ដោយបានដោះលែងអ្នកជាប់ពន្ធនាគារ សរុបទាំងអស់ចំនួនជាង ៩២,០០០នាក់ ឱ្យមានសេរីភាពមុនពេលកំណត់ ក៏ប៉ុន្តែក្នុងការលើកលែងទោសទាំងនោះ គឺមិនដែលមានសកម្មជននយោបាយឡើយ។ យោងតាមសេចក្តីប្រកាសផ្លូវការ របស់រដ្ឋាភិបាលវៀតណាម អ្នកដែលមានទោសពីបទ«ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល» និង «ភេរវកម្ម» គឺមិនទទួលបានការលើកលែងទោសទេ។
អ្នកទោសសរុប៣,៧៦៥នាក់ នឹងត្រូវដោះលែងនាថ្ងៃអង្គារ ទី១ ខែតុលា ក្នុងនោះរួមមានទាំងជនបរទេស២០នាក់ មកពីចិន អ៉ីស្លង់ ឥណ្ឌា ឡាវ អាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក។ ការលើកលែងទោសនេះ ធ្វើឡើងក្នុងឱកាសខួបទី៧៩ នៃការទទួលបានឯករាជ្យរបស់វៀតណាម (២ កញ្ញា) និងខួបទី៧០ នៃការរំដោះរដ្ឋធានីហាណូយ (១០ តុលា)៕ ដោយ៖ ធីរីណា
រូបថត៖ plo.vn