ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue)

ចែករំលែក៖

ទីក្រុងដូហា ប្រទេសកាតា៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤  បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue- ACD) ក្រោមប្រធានបទ “ការទូតកីឡា”។  

កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ នៃប្រទេសជាសមាជិក ACD និងបានពិភាក្សាលើខ្លឹមសារសំខាន់ៗ នៃការទូតកីឡា និងទិសដៅរបស់ ACD ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរៀបចំព្រឹត្តិការណ៍កីឡា ព្រមទាំងការប្រើប្រាស់ថ្នាលកីឡា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ កិច្ចប្រជុំពិភាក្សាលើខ្លឹមសារសំខាន់ៗ រួមមាន៖ 

­- ការអនុម័តលើសេចក្តីប្រកាសទីក្រុងដូហា ដើម្បីលើកកម្ពស់ការទូតកីឡា និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាទេសចរណ៍ ពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ជាដើម

­- និយមន័យ នៃការទូតកីឡា និងវិសាលភាព នៃការប្រើប្រាស់ការទូតកីឡា ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស ការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ និងការបង្កើនភាពយោគយល់ និងការគោរពគ្នាទៅវិញទៅមក

­- ការរៀបចំយន្តការលើកកម្ពស់បរិយាប័នកីឡា កីឡាបៃតង និងភាពធន់នៃកីឡា ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

­- កិច្ចសហការរវាងប្រទេសជាសមាជិកក្នុងការរៀបចំកីឡាអន្តរជាតិ និងការលើកកម្ពស់កីឡាប្រពៃណីរបស់ប្រទេសនីមួយៗ៕

ដោយ ៖ សិលា


ចែករំលែក៖