ខេត្តសៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រោយការវិនិច្ឆ័យដ៏ស្វិតស្វាញរយៈពេលជិត ១សប្តាហ៍មកពេលនេះ ស្ថាប័នហ្គីណេស បានសម្រេចផ្តល់ឯតទគ្គកម្មនេះមកកម្ពុជាយើងហើយ។ ជាមួយឯតទគ្គកម្មថ្មីនេះ ពិភពលោក បានចារិក ឈ្មោះព្រះរាជាណាចក្រកម្ពុជា ក្នុងសៀវភៅកំណត់ត្រាពិភពលោកថ្មី បន្ថែមជាមួយ ការបត់បេះដូងក្រដាសច្រើនជាងគេ ក្រមាវែងជាងគេ ទូកងវែងជាងគេ ការរាំម៉ាឌីហ្សុនដែលមានមនុស្សច្រើនជាងគេ អន្សមយក្ស ដែលសុទ្ធសឹងត្រូវបានបំបែកនៅក្នុងទឹកដី នៃខេត្តសៀមរាប។
សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធរួមមាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងក្រុមការងារព្រឹត្តការណ៍ Gumball 3000 Rally2024 ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបានមោទនភាពមួយនេះ។
យើងបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ លើសពីសម្បត្តិបេតិកភណ្ឌ និងធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេស ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនយើងផងដែរ។ ជឿថាខ្មែរធ្វើបាន! ៕
ដោយ៖ តារា