ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមក) មូលហេតុ ទំនាស់ពាក្យសម្តីគ្នាពេលផឹកស៊ី។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៤នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សំ ពិសី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃស្ទៀងឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ភាគីម្ខាងទៀតមានឈ្មោះសំ ភក្តី ហៅប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។
ប្រភពបន្តថា នៅម៉ោង៥និង២៧នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅត្រង់ចំណុចភូមិព្រៃស្ទៀង ឃុំស្វាយតាយាន បណ្តាលអោយរងរបួសទាំងសងខាង។
ជនសង្ស័យឈ្មោះ សំ ពិសី បានធ្វើសកម្មភាពយកចានទាបវាយទៅលើក្បាលឈ្មោះ សំ ភក្តី ហៅប្រុសប៉ុន្តែត្រូវឈ្មោះ ជា សុដានី ភេទស្រី អាយុ ២៦ឆ្នាំត្រូវជាប្រពន្ធរបស់ឈ្មោះ សំ ភក្តី បានយកដៃខាងស្តាំមករងជំនួសប្តីបណ្តាលឱ្យដាច់ចង្វែកដៃខាងស្តាំដេរចំនួនពីរថ្នេរ ។
ប្រភពបន្តថា ក្រោយមកបុរសទាំង២នាក់បានធ្វើការប្រតាយប្រតប់គ្នាទៅវិញទៅមកបណ្ដាលអោយរងរបួសត្រូវបានយកទៅព្យាបាលនៅពេទ្យឯកជន ដោយដេរចំនួន៧ថ្នេរ ចំណែកឈ្មោះ សំ ភក្តី ហៅ ប្រុស បានគេចខ្លួនចេញពីកន្លែងកើតហេតុ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងអធិការដ្ឋានស្រកកំពង់រោទ៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុឃើញថា នៅ
កន្លែងមានបន្សល់ទុកអំបែងចានមួយចំនួន ហើយរហូតមកដល់ម៉ោង៦និង២៥នាទីល្ងាច បានឃើញជនរងគ្រោះទាំងពីរនាក់សម្រាកព្យាបាលនៅផ្ទះពេទ្យឯកជនក្នុងភូមិព្រៃធ្លក ឃុំស្វាយតាយានក៏បាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជន
សង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាពិតជាបានប្រើប្រាស់ហិង្សាទៅលើគ្នាទៅវិញទៅមកពិតប្រាកដមែន។
បច្ចុន្បន្នជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន