ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឌុបប្អូនស្រីទៅសាលារៀន ជ្រុលបុកពីក្រោយកន្ទុយរថយន្តកុងតឺន័រ កំពុងឈប់តាមផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្អូនស្រី រងរបួសធ្ងន់ បាក់ជើងស្តាំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ តាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុវជនដែលបានស្លាប់ មានឈ្មោះ ឆេន សុខឈាត ភេទប្រុស អាយុ១៨ឆ្នាំ និស្សិតឆ្នាំទី១ ចំណែកប្អូនស្រីរងរបួសធ្ងន់ ឈ្មោះ ឆេន ស្រីពេជ្រ អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ ស្នាក់នៅផ្ទះជួល ជាមួយក្រុមគ្រួសារ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបាគ្រង ឃុំគោករវាង ស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3H-0086 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4B-0402 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានឈប់ អ្នកបើកបររកទិញទឹក ស្រាប់តែជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ពាក់ស្លាកលេខ កំពង់ចាម 1Y-6147 ឌុបគ្នាទើបចេញពីផ្ទះក្បែរនោះ គោលបំណងឆ្ពោះទៅសាលារៀន លឿនគេចមិនទាន់ ជ្រុលបុកកន្ទុយរុឺម៉កកុងតឺន័រ ពីក្រោយ ចំហៀងខាងឆ្វេង បណ្តាលឱ្យបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ប្អូនស្រីរងរបួសធ្ងន់ បាក់ជើងស្តាំ កម្លាំងសន្តិសុខឃាត់បានអ្នកបើកបររថយន្ត ប្រគល់ឱ្យសមត្ថកិច្ច ។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកឯកជន រួចនាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ពិនិត្យស្លាកស្នាមរួច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ រីឯមធ្យោបាយ រថយន្ត អ្នកបើកបរ និងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ សុខាសែនជ័យ