ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងបន្ថែមលើការចូលរួមអនុវត្តវិធានការបង្ការ និងកាត់បន្ថយជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ សូមជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា តាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនឈាម ការចម្លងជំងឺគ្រុនឈាម មានការថយចុះជាទូទៅ ប៉ុន្តែមានការកើនខ្លះៗជាលក្ខណៈប្រមូលផ្តុំតូចៗនៅតាមភូមិ ឃុំ ឬស្រុកមួយចំនួន ដែលទាមទារឱ្យមានការតាមដានជាប្រចាំ និងការធ្វើបុរេសកម្ម ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា។
អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ណែនាំដល់ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន ពិសេស ក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវត្រៀមការបាញ់ថ្នាំកំចាត់ជំរកមូសខ្លា ធ្វើយុទ្ធនាការដាក់ថ្នាំបាណកឃាដ និង ការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖
-កំណត់ទីតាំងភូមិសាស្ត្រ សំរាប់ដាក់ថ្នាំបាណកឃាដ ដោយផ្អែកលើខ្សែបន្ទាត់តាមដាននិន្នាការស្ថានភាព ប្រចាំសប្តាហ៍នៅតាមភូមិសាស្ត្រ
-កំណត់ទីតាំងភូមិសាស្ត្ររាតត្បាត ដើម្បីឈានដល់សកម្មភាពបាញ់ថ្នាំសម្លាប់មូស ដោយផ្អែកលើខ្សែបន្ទាត់តាមដាននិន្នាការស្ថានភាពប្រចាំសប្តាហ៍នៅតាមភូមិសាស្ត្រ
-រាយការណ៍ទៅកម្មវិធីជាតិនូវបញ្ជីសម្រង់ព័ត៌មាន អំពីលទ្ធផលសកម្មភាពការងារគ្រប់គ្រងភ្នាក់ងារចម្លង និងអប់រំសុខភាព
-បង្កើតក្រុមការងារអភិបាលកិច្ចការងារដាក់ថ្នាំបាណកឃាដ នៅមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព។
-បង្កើតក្រុមការងារពិសេសសម្រាប់គ្រប់គ្រង និងសម្របសម្រួលការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម តម្រង់ទិស អនុវត្តន៍សកម្មភាពការងារតាមដាន និងវាយតំលៃផលប៉ះពាល់ និងស័ក្តិសិទ្ធភាព។
-ធ្វើបច្ចុប្បន្នភាពសមតុល្យសម្ភារៈបរិក្ខារ និងឱសថ រួមមាន៖ សេរ៉ូម ថ្នាំបាណកឃាដ ថ្នាំបាញ់សម្លាប់មូស និងសម្ភារៈអប់រំសុខភាព។
-ផ្សព្វផ្សាយដល់សហគមន៍ អំពីការបញ្ជូនអ្នកជំងឺ និងការស្វែងរកសេវាថែទាំសុខភាពក្នុងអំឡុង ៤៨ម៉ោង បន្ទាប់ពីគ្រុនក្តៅខ្លាំងភ្លាមៗពី ៣៩ ទៅ ៤០អង្សារសេ។
-អប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានដោយផ្ទាល់ និងតាមបណ្តាញសង្គម រួមមាន ទូរស័ព្ទ តេឡេក្រាម ហ្វេសប៊ុក ទឹកតុក (TikTok) Instgram វិទ្យុ ទូរទស្សន៍ ឧបករណ៍ឃោសនសព្ទ និងជំរុញ លើកទឹកចិត្តការចូលរួមអនុវត្តសកម្មភាពគ្រប់គ្រងវត្ថុដក់ទឹក ដែលទុកចោលមិនប្រើប្រាស់ ដូចជា សំបក កង់ឡាន ម៉ូតូ កំប៉ុងកាហ្វេជ័រ ចានបាយសម្លរជ័រ កំប៉ុង ត្រឡោកដូង សំបកដប ដោយត្រូវកប់ ដុត កំទេច ចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ចូលរួមដឹកនាំ អនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ តារា