ព័ត៌មានទាន់ហេតុការណ៍៖

ឧស្សាហកម្មយន្តហោះគ្មានមនុស្សបើក ជំរុញការ អភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឧស្សាហកម្មយន្តហោះគ្មានមនុស្សបើកបានងើបឡើងថ្មីយ៉ាងលឿនលើពិភពលោក ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ យន្តហោះគ្មានមនុស្សបើកក៏ត្រូវបានគេហៅថា «មនុស្សយន្តដែលចេះហោះហើរ ។ ពេលបច្ចុប្បន្ននេះ វាត្រូវបានប្រើប្រាស់ក្នុងវិស័យកាន់តែច្រើនឡើងៗ ។ ក្រៅពីវិស័យប្រពៃណី ដូចជាការថែទាំដំណាំ  ការវាស់ស្ទង់ភូមិសាស្ត្រនិងគូរផែនទី ការត្រួតពិនិត្យនិងឆ្លើយតបបន្ទាន់ យន្តហោះគ្មានមនុស្សបើកក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងចរាចរណ៍ផ្លូវអាកាសក្នុងទីក្រុង ការដឹកជញ្ជូនទំនិញតាមយន្តហោះគ្មានមនុស្សបើក ការត្រួតពិនិត្យបរិស្ថាន ការកម្សាន្តនិងការអប់រំជាដើម ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ តាមការប្រមាណ ទីផ្សារយន្តហោះគ្មានមនុស្សបើកពិភពលោកនៅឆ្នាំ២០២៩នឹងកើនឡើងដល់ ៦៧៦៤០ លានដុល្លារអាមេរិក ។ ប្រទេសចិនជាប្រទេសផលិតយន្តហោះគ្មានមនុស្សបើកធំបំផុតមួយ និងជាទីផ្សារយន្តហោះគ្មានមនុស្សបើកធំបំផុតមួយលើពិភពលោក ទំហំទីផ្សារឧស្សាហកម្មយន្តហោះគ្មានមនុស្សបើករបស់ប្រទេសចិនក៏នឹងបន្តកើនឡើងផងដែរ។

គិតត្រឹមឆ្នាំ២០២៣ ទំហំនៃឧស្សាហកម្មយន្តហោះគ្មានមនុស្សបើកស៊ីវិលរបស់ប្រទេសចិនបានលើសពី ១២០ ពាន់លានយាន់ប្រាក់ចិន ដែលជាប់ចំណាត់ថ្នាក់ទី ១ នៅលើពិភពលោក គេបានរំពឹងទុកថា ប្រទេសចិននឹងរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។ តាមការប៉ាន់ប្រមាណ នៅឆ្នាំ ២០២៤ ទីផ្សារយន្តហោះគ្មានមនុស្សបើកស៊ីវិលរបស់ប្រទេសចិននឹងឡើងដល់ប្រមាណ ១៦០ ពាន់លានយាន់ ដែលរំលេចពីសន្ទុះខ្លាំង។

រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍឧស្សាហកម្មយន្តហោះគ្មានមនុស្សបើក ហើយបានដាក់ចេញគោលនយោបាយមួយចំនួនជាបន្តបន្ទាប់ ដូចជាការសម្រួលនិតិវិធីបំពេញបែបបទទម្រង់ ការបន្ថូរការរឹតបន្តឹងដែនអាកាស ការលើកទឹកចិត្តដល់ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍនៃឧស្សាហកម្មជាដើម។  ឧទាហរណ៍ ក្រុងប៉េកាំងបានបង្កើតសួនឧស្សាហកម្មសេដ្ឋកិច្ចលើលំហអាកាសរយៈកម្ពស់ទាបជាង ៣០០០ ម៉ែត្រ( low-altitude economy ) ដំបូងនៅខណ្ឌយេនឈីង  ដែលមានទំហំផ្ទៃដីជាង ៥៥ ម៉ឺនម៉ែត្រការ៉េ ។ ពេលបច្ចុប្បន្ននេះ សួននេះបានប្រមូលផ្តុំក្រុមហ៊ុនយន្តហោះគ្មានមនុស្សបើកជាង ១០០ ក្រុមហ៊ុន និងបានកកើតជាខ្សែសង្វាក់ឧស្សាហកម្មពេញលេញដែលគ្របដណ្តប់លើការស្រាវជ្រាវនិងអភិវឌ្ឍ ការផលិត និងការប្រើប្រាស់ជាដើម 

ដោយ ៖ សិលា


ចែករំលែក៖