ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ អាជ្ញាធររាជធានី ខណ្ឌ សង្កាត់ បានខិតខំទប់ ស្កាត់ បដិវត្តពណ៌ធានាប្រក្រតីភាពសង្គម ជីវភាពសង្គម លើគ្រប់វិស័យ និងអនុវត្ដបានយ៉ាង ល្អប្រសើរ នូវគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
លោកបានបញ្ជាក់បែបនេះ ក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធ សាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
ក្រោមអធិបតីភាព លោក សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោល នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គម លើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពានិជ្ជករ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា ។
លោក ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ឆ្នាំ ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនិងសង្គមជាតិ ដោយចំនួនបទល្មើសបានកើត មានចំនួន២៤៩លើក/២៦៤ករណី គឺថយចុះ១៥ករណី។ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសបានសរុប២៣១ករណី ពិសេសថែមទៀតនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចូលរួមទប់ស្កាត់ ព្រឹត្តការណ៍ថ្ងៃទី១៨សីហា ឆ្នាំ២០២៤ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូច បានព្យាយាមនិងប៉ុនប៉ង បង្វែលពីការធ្វើបាតុកម្មនៅរាជធានីភ្នំពេញទៅជាការបំផុសចលនា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងបានរួមគ្នាចាត់វិធានការទៅតាមផ្លូវច្បាប់បានទាន់ពេលវេលា។ទោះបីយើងអនុវត្តបានជោគជ័យដូចខាងលើក្តី យើងក៏នៅមានចំណុចខ្វះខាត សេសសល់ ដែលយើងត្រូវរួមគ្នាជំនៈ ដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះប្រកប ទៅដោយប្រសិទ្ធភាព ស្របទៅតាមគោលការណ៍រដ្ឋបាលឯកភាព ដើម្បីឈានទៅការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិយ៉ាងពិតប្រាកដ។
លោក អភិបាលរាជធានីបានបញ្ជាក់ថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃផែនការយុទ្ធសាស្ត្រ គោល នយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិលនិងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយកាន់តែយល់ច្បាប់ពីគោលការណ៍ដឹកនាំ បញ្ជា នីតិវិធីនិងការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ ធ្វើឡើង ខណៈការងារ រដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាន និងកំពុងអនុវត្តការងារនេះបានយ៉ាង ល្អ១០០%នៅភ្នំពេញ។គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។
លោក សន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់”។ សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង តែងក្រើនរំលឹកជានិច្ចដល់ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយយកចិត្តក្នុងដាក់ក្នុងការធ្វើយ៉ាងណាអោយភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព៕
ដោយ៖ សំរិត