ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីឆក់កាបូបរបស់សិស្សសាលាម្នាក់។ 

ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា កាលពីវេលាថ្ងៃត្រង់ទី២៣ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់កាបូប ពីយុវតីម្នាក់ ជាកូនស្រី ចៅសង្កាត់សំរោងក្រោម ត្រង់ចំណុចក្បែរប៉ុស្តិ៍កាកាបទី២ ខណៈដែលកំពុងជិះម៉ូតូទៅសាលារៀន អស់ទូរស័ព្ទ១គ្រឿង កុំព្យុទ័រ លេបថបមួយគ្រឿង ហើយគេចខ្លួនបាត់ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវ ពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់ស្លាកលេខម៉ូតូ ស្គាល់ភិនភាគជនសង្ស័យ ទើបនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សមត្ថកិច្ចតាមឃ្លាំមើលដល់ផ្ទះជនសង្ស័យ ស្រាប់តែជនសង្ស័យក្រឡេកឃើញកម្លាំងសមត្ថកិច្ច ក៏បានបើករថយន្តរត់គេច រហូតដល់ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបឃាត់រថយន្ត បានទាំងជនសង្ស័យ នាំមកឆែកឆេរផ្ទះ រកឃើញម៉ូតូឃ្លីក ដែលជនសង្ស័យជិះធ្វើសកម្មភាព កាបូបស្រីៗជាច្រើន ក្នុងបន្ទប់ជាន់ទី១ ។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតរថយន្តមួយគ្រឿង ម៉ាកKIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-1206 និងម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-8329 រួមទាំងវត្ថុតាងមួយចំនួនទៀត ។

ជនសង្ស័យ រួមជាមួយសម្ភារៈដកហូត សមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖