ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងលើកទិសដៅបន្ត នៅស្រុកពារាំង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ពិសេន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកពារាំង។

លោក ឈុន សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំងបានធ្វើរបាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ឆ្នាំ២០២៤ ក្នុងបុព្វហេតុបម្រើប្រជាជន និងការដោះស្រាយជីវភាពជូនប្រជាជន ជាពិសេស ការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

មានមតិនៅក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៃស្រុកពារាំង ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ស្មារតី និងការទទួលខុសត្រូវ ព្រមទាំងធនធានផ្ទាល់ខ្លួន ហើយសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាជន និងគណបក្សក្នុងរយៈពេលមួយខែកន្លងមកនេះ។

ជាមួយនឹងលទ្ធផលដែលសម្រេចបានមកនេះ ឯកឧត្តមប្រធានក្រុមការងារ បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនមានដូចខាងក្រោម៖

ទី១៖ បង្កើនការគ្រប់គ្រងសភាពការណ៍នៅក្នុងមូលដ្ឋាន

ទី២៖ ខិតខំពង្រឹងពង្រីកគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ សីលធម៌

ទី៣៖ ការធ្វើសកម្មភាពនៅតាមខ្នងផ្ទះឲ្យបានជាប្រចាំ

ទី៤៖ ការត្រៀមលក្ខណៈធ្វើសៀវភៅក្រហម 

ទី៥៖ យកចិត្តទុកដាក់ធ្វើវេទិកាសាធារណៈ

ទី៦៖ ពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ទី៧៖ ការត្រៀមទូក «ង» ចូលរួមប្រណាំងក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាពេលខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖