ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាសហធិបតីក្នុងពិធីសិក្ខា សាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងដែនដី នគរូបនីយ កម្ម និងសំណង់។ សិក្ខាសាលានេះរៀបចំឡើងនៅទីស្តីការក្រសួងដែនដី នគរូបនីកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេសទទួលបន្ទុកលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងទាំងពីរ ជាច្រើនរូប។ 

កន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន រៀបចំសិក្ខាសាលា និងកិច្ចប្រជុំស្តីពីការពិនិត្យឡើង ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ននានាជាបន្តបន្ទាប់។ កម្មវិធីនាព្រឹកនេះ គឺជាលើកទី៨ ដែលក្រសួងមុខងារសាធារណៈ បានសហការរៀបចំ។  

មានប្រសាសន៍រាយការណ៍លោក សុខ សូកាន រដ្ឋលេខា ធិការ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប្រសាសន៍ថា សិក្ខាសាលានាព្រឹកនេះ មានគោលបំណងធំៗចំនួន៣ រួមមាន៖ ១)ការស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងអំពីការបំពេញ ការ ងារ ការគាំទ្រ និងការជំរុញរវាងគ្នាក្នុងក្របខណ្ឌកំណែ ទម្រង់និងការពង្រឹងអភិបាលកិច្ច ២)ការពិភាក្សាគ្នាឱ្យបានស៊ីជម្រៅនិងច្បាស់លាស់អំពីដំណើរការនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ និង ៣)ការផ្តល់គោលការណ៍ណែនាំតម្រង់ទិសពី ឧបនាយករដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងឧបនាយករដ្ឋមន្រ្តី ក្រសួងដែនដី នគរូនីយកម្ម និងសំណង់ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពនៃការពិនិត្យនិងវិភាគឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធក្រសួងដែនដី នគរូនីយកម្ម និងសំណង់។

លោក សុខ សូកាន បានបន្ថែមថា ក្រសួងដែនដី នគរូនីយកម្ម និងសំណង់ បានរៀបចំប្រមែប្រមូលចងក្រងឯកសារគតិយុត្ត និងច្បាប់នានា ព្រមទាំងបានកំណត់មុខងារស្នូល និងមុខងារគាំទ្រនានារបស់ក្រសួង និងបានបំពេញតារាងនានាស្របតាមគោលការណ៍ និងគោលបំណងនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ បន្ថែមលើនេះ ក្រសួងក្រសួងដែនដី នគរូនីយកម្ម និងសំណង់ បានសហការជាមួយ ក្រសួងមុខងារសាធារណៈដើម្បី ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងក្រសួងដែនដី នគរូនីយកម្ម និងសំណង់ បានប្រមាណ ៩០ភាគរយ។ 

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ មានការរៀបចំបទបង្ហាញចំនួន២គឺ៖ ១) ការបំពេញគ្នា ការគាំទ្រគ្នា និងជំរុញគ្នាក្នុងក្របខណ្ឌការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និង ២) និងដំណើរ ការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដោយ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ៕

ដោយ៖ សូរិយា


ចែករំលែក៖