ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ អធិការដ្ឋាននគរបាលស្រុកបរកែវ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ០៦នាក់ និងបក្ខពួក ដែលបានធ្វើសកម្មភាព យកកាំបិតផ្គាក់ចំនួន ២ដើមកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់ ហើយក្រោយមកសមត្ថកិច្ចក៏បាន ស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។
ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយរបស់ជនល្មើសរួចមក តំណាង អយ្យការបានសម្រេចបើកការស៊ើបសួរលើអង្គហេតុ និងបុគ្គល៖ ១. រម៉ាម ពេជ្រសំណាង ភេទប្រុស អាយុ១៩ ឆ្នាំ ២.ឈ្មោះ ឆាន់ ចាន់ថង ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ បូរ ឡុង ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ លុស ភ័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ ៥.ឈ្មោះ គ្រី លី ភេទប្រុស អាយុ១៨ ឆ្នាំ ៦. ឈ្មោះ គា ឈឺន ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៤៤ អ.យ.ច/២៤ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ និងមានមនុស្សច្រើននាក់) ប្រព្រឹត្ត នៅចំណុចមុខសាលាបឋមភូមិទៀន ឃុំកោះចុង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បទ ល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ ចំណុចទី២ និងទី៣ នៃក្រមព្រហ្មទណ្ឌ ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ៖ តារា