ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ផ្លូវនេះមានប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពី រាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ កំណាត់ផ្លូវជាតិលេខ៣ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់សម្បូរដោយធនធាន ទេសភាពធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្ថែមពីលើនេះ ខ្សែផ្លូវនេះមានភាពរឹងមាំ ធំទូលាយ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀស បានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ៕
ដោយ ៖ សិលា