ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ មានកិត្តិយស សូមគោរពជម្រាបជូន ដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន មេត្តាជ្រាបថា ដោយសារតែវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នាថ្ងៃទី៤ និងទី៥ ខែវិច្ឆិកាខាងមុខ មាន ទីធ្លាតូចចង្អៀត និងដើម្បីធានាថា ការដង្ហែអង្គកឋិនទាននេះប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ល្អ រក្សាបាន នូវសន្តិសុខ និងសុវត្ថិភាព បង្ការនិងទប់ស្កាត់ជំងឺឆ្លងផ្សេងៗជូនថ្នាក់ដឹកនាំនិងអង្គកឋិនទាំងមូល និង ស្របតាមសំណូមពររបស់ភាគីវៀតណាម, គណៈកម្មការរៀបចំអង្គកឋិនទាន បានសម្រេចកំណត់ចំនួន សមាសភាពនៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម និងប្រមូលផ្តុំចូលទៅទឹកដីវៀតណាមតាមច្រកតែមួយ គឺច្រកព្រំដែនជ្រៃធំ នៃខេត្តកណ្តាល និងបំពេញបែបបទចេញចូលប្រទេសវៀតណាមសមស្របតាមបទបញ្ញត្តិដែលមានជាធរមាន។

ក្នុងន័យនេះ គណៈកម្មការរៀបចំអង្គកឋិនទាន បានរៀបចំបញ្ជីសមាសភាពអ្នកចូលរួមដង្ហែអង្គ កឋិនទាន និងបានសហការជាមួយភាគីវៀតណាម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដង្ហែអង្គកឋិនទាន នេះ។ គណៈកម្មការរៀបចំអង្គកឋិនទាន សូមអធ្យាស្រ័យចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន ដែលមិនបានចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានទៅកាន់ វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញនេះ។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោម សូមអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន ចូលរួមឱ្យបាន ច្រើនអធិកអធមក្នុងពិធីក្រុងពាលីនិងសូត្រមន្ត នៃអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង ២ រសៀលនៅវិមាន ៧ មករា។

អាស្រ័យដូចបានគោរព និងជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន មេត្តាជ្រាបជាព័ត៌មានដោយក្តីអនុគ្រោះ៕

ដោយ​៖ តារា​


ចែករំលែក៖