ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ ចេញសេចក្តីប្រកាសព័ត៌មានពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹង ឈ្មោះ កែម ធី ហៅ រដ្ឋា និងឈ្មោះ ណៃ ស្រីអូន

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសជាព័ត័មានពីចំណាត់ការ ត្រូវចោទប្រកាន់ និង អនុវត្តទោស ឈ្មោះ កែម ធី ហៅ រដ្ឋា និងឈ្មោះ ណៃ ស្រីអូន ពាក់ព័ន្ធការដាក់បណ្តឹងរបស់ ឈ្មោះ វួន វុទ្ធី រឿងសាងសង់សំណង់ ចូលទៅលើដីមួយផ្នែក ដែលជាកម្មសិទ្ធិរបស់ ដើមបណ្តឹងឈ្មោះ វួន វុទ្ធី។

សូមរំលឹកថា កាលពីឆ្នាំ២០១៥ ដើមបណ្តឹងឈ្មោះ វួន វុទ្ធី បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ កែម ធី ហៅ រដ្ឋា, ឈ្មោះ ណៃ ស្រីអូន និងឈ្មោះ ឆេង ហ៊ុន ពាក់ព័ន្ឋនឹងសកម្មភាពសាងសង់សំណង់នៅលើដីចំណីផ្លូវ និងដីមួយផ្នែកដែលជា កម្មសិទ្ធិរបស់ឈ្មោះ វួន វុទ្ធី មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០៣-០៥៥១ ចុះថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០០៦។ ករណីនេះ អាជ្ញាធរខណ្ឌមានជ័យ ធ្លាប់បានចុះដកហូតសម្ភារៈសំណង់ និងណែនាំឈ្មោះ កែម ធី ឲ្យផ្អាកការសាងសង់ ប៉ុន្តែសាមីខ្លួនមិនបានស្តាប់តាមការណែនាំ និងនៅតែបន្តសកម្មភាព ដូចមានបញ្ជាក់ក្នុងលិខិត លេខ ០៣៦ រ.ប.ក/អ.វ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ របស់អភិបាលខណ្ឌមានជ័យ និងលិខិតលេខ ២៦១ ដនស ភ.របក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៤ របស់ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌមានជ័យ ។

សូមជំរាបថា ឈ្មោះ កែម ធី ហៅ រដ្ឋា, ឈ្មោះ ណៃ ស្រីអូន និងឈ្មោះ ឆេង ហ៊ុន ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន០១(មួយ)ឆ្នាំ ពីបទ រំលោភកាន់កាប់អចលនវត្ថុដោយចេតនា និងប្រើហិង្សាទៅលើអ្នក កាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិទ្រា(បច្ចុប្បន្នភូមិដំណាក់ធំ៣) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសាលក្រមកំបាំងមុខលេខ ២៧២៩ “ភ” ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ និងសាលក្រមលើ បណ្តឹងទាស់លេខ ១៦៤៦ “ក” ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាលេខ ១១៣ក្រ II “ន” ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ សាលក្រម និងសាលដីកានេះ បានចូលជាស្ថាពរ និងមានអានុភាពអនុវត្តតាមផ្លូវច្បាប់ ដោយសារជនជាប់ចោទពុំបានប្តឹងសាទុក្ខតាមកំណត់ច្បាប់។

ចំពោះការអនុវត្តទោស មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនសាលដីកាស្ថាពរខាងលើនេះ មកកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តជាសមត្ថកិច្ច តាមដីកាបញ្ជូនលេខ ២១៥ មហក/០២៤ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដែលមានសំណុំរឿងអនុវត្តទោសលេខ ០៧ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណាត់ការសំណុំរឿង អនុវត្តទោសនេះ តំណាងអយ្យការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើទណ្ឌិតឈ្មោះ ណៃ ស្រីអូន និងទណ្ឌិត ឈ្មោះ កែម ធី ហៅរដ្ឋា ស្របតាមបទប្បញ្ញត្តិមាត្រា ៤៩៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ប៉ុន្តែ បន្ទាប់មក ភាគីពាក់ព័ន្ធ បានសំណូមពរ និងបង្ហាញឆន្ទៈក្នុងការសម្រុះសម្រួលគ្នា រកដំណោះស្រាយ និងបញ្ចប់វិវាទដោយសន្តិវិធី ហេតុនេះ ក្នុងនាមជាអ្នកធានាអនុវត្តសេចក្តីសម្រេចតុលាការ និងជាអ្នកធានាការពារប្រយោជន៍សាធារណៈ ក៏ដូចជាការពារ ផលប្រយោជន៍ភាគីពាក់ព័ន្ធ តំណាងអយ្យការបានចេញដីកាបញ្ឈប់ឱ្យចាប់ខ្លួនលើឈ្មោះ កែម ធី ហៅ រដ្ឋា និងឈ្មោះ ណៃ ស្រីអូន ដើម្បីបើកឱកាសឱ្យភាគីពាក់ព័ន្ធរកដំណោះស្រាយ តាមគោលការណ៍ឈ្នះ-ឈ្នះ នៅក្នុងរឿងនេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖