ខេត្តប៉ៃលិន៖ យោងតាមប្រភពពីសមត្ថកិច្ចជំនាញប៉ុស្ដិ៍ស្ទឹងកាច់ កាលពីវេលាម៉ោងប្រហែល ១១ និង ២០នាទី ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានទទួលរបាយរាយការណ៍ថា មានជនជាតិចិនម្នាក់ បានស្លាប់រួចត្រូវបានឡានពេទ្យដឹកយកមកទុកនៅលើវត្តប្រាសាទសួគ៌ ហៅវត្តសារវ៉ាន់ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចជំនាញប៉ុស្តិ៍ស្ទឹងកាច់បានបន្តថា÷ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងត្រូវបានចុះមកដល់ ក្នុងករណីនោះ ក៏បានសួរនាំ រឿងហេតុកើតឡើងដោយកាលពីវេលាម៉ោង ២២ និង ៤១ នាទីថ្ងៃីទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះមានអាការៈមិនស្រួលចេះតែប្រកាច់ៗមិនស្រួលខ្លួន ក៏ត្រូវបានមិត្តភក្តិ និងសន្តិសុខ នាំគ្នាអ៊ាវ ក យកទៅដាក់ឡានរបស់ជនរងគ្រោះ យកទៅពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីជួយសង្គ្រោះ តែពេលបញ្ជូនទៅពេទ្យដល់ពាក់កណ្ដាលផ្លូវស្រាប់តែជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់ មុនទៅដល់មន្ទីរពេទ្យ ។
បន្ទាប់មកសន្តិសុខក៏បានដឹកសពបន្តរហូតទៅដល់មន្ទីរពេទ្យ តែគ្រូពេទ្យបានពិនិត្យរួច ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
បន្ទាប់មកទៀតរហូតដល់វេលាម៉ោងប្រហែល ០១និង១០ នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃឹម សាម៉ន ដែលជាអ្នកបើកឡានពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានដឹកសព ពីមន្ទីរពេទ្យយកមកតម្កល់ទុកនៅលើវត្តសារវ៉ាន់ នៅវេលាម៉ោង ១៣ និង ៤០ នាទី តែពេលទៅដល់តម្កល់សពលោក ឃឹម សាម៉ន បានប្រាប់ទៅព្រះសង្ឃថា មិនបាច់រាយការណ៍ទៅប៉ុស្តិ៍ទេគាត់បានទំនាក់ទំនងខាងលើហើយចាំតែស្អែកមានគេមកធ្វើកោសល្យវិច័យហើយ ។
សពឈ្មោះ ហ័ង ជីង ជីង ( huang jin jing ) ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅបណ្ដោះអាសន្ននៅក្នុងអគារញូវហ្វ័រធូណា ស្ថិតនៅភូមិផ្សារព្រំជើង/ឃុំស្ទឹងកាច់/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពីកម្លាំងជំនាញកោសល្យវិច័យ និងលោកគ្រូពេទ្យបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារគាំងបេះដូង ។
បច្ចុប្បន្នសពត្រូវបានតម្កល់ទុកនៅវត្តសារាវណ្ណ ដើម្បីបញ្ជូនបន្ត ៕
ដោយ៖ ស សារ៉េត