ខេត្តសៀមរាប៖ អស់រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញបាននឹងកំពុងពង្រឹងតួប៉ម Aនៃប្រាសាទ គោកពោធិ៍ ដោយបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ ២០២៤មក រហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលជិតរួចរាល់ហើយ។
លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុលពង្រឹងជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉មA ដែលធ្លាប់តែព្រួយ បារម្ភពីហានិភ័យនៃកាដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។ ក្នុងនោះ ចំពោះផ្នែកខឿនខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញទៅតាមផ្នែកនីមួយៗ។ ចំណែកការងារដែលនៅសេសសល់ គឺរៀបចំផ្គុំផ្នែកដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬសជ្រៅៗនៅតាមដំបូល ខណៈក្រុមការងារកំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថានិងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខនេះ។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ក្រុមប្រាសាទ គោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ ដោយសារកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើម ឈើដុះចាក់ឬស្សយ៉ាងជ្រៅ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។
លោក ហួរ សុធន បន្ថែមថា ការជួសជុលពង្រឹងឡើងវិញ នូវរចនាសម្ពន្ធនៃប្រាសាទគោកពោធិ៍ មិនត្រឹមតែរក្សាឱ្យបាននូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសក្ការៈបូជា សម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ និងជាទីកន្លែង ដែលទេសចរជាតិនិងអន្តរជាតិ តែចូលមកទស្សនាមិនចេះដាច់ ដោយសារជាទីកន្លែងឆ្លងកាត់ទៅកាន់ប្រាសាទដទៃទៀត។
សូមជម្រាបថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕
ដោយ៖ សូរិយា