ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណដល់កងកម្លាំងប្រដាបអាវុធគ្រប់ប្រភេទ ដែលតែងតែយកចិត្តទុកដាក់ជុំវិញបញ្ហាសុវត្ថិភាពជូនប្រជាពលរដ្ឋ កាលពីឆ្នាំកន្លងទៅ។ ដូច្នេះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៤នេះ កងកម្លាំងនិងអាជ្ញាធរដែនដីរបស់យើងទាំងអស់ត្រូវធ្វេីឱ្យបានល្អប្រសេីរជាងឆ្នាំមុនទាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាបញ្ហាអនាម័យ ដែលទទួលបានការកោតសរសេីរពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនាពេលកន្លងមក។
ឯកឧត្តម ឃួង ស្រេង បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះឱ្យល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្ដមអញ្ជេីញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ពន្ធ័នៅទីបញ្ជាការស្រាលនៅវាលព្រះមេរុដែលជាទីតាំងប្រមូលផ្តុំសមត្ថកិច្ចចម្រុះការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ទាំងភ្ញៀវជាតិនិងអន្តរជាតិបានគាំទ្រលេីចំណាត់ការរបស់យេីងទាំងស្រុង នូវបញ្ហាការពារដែលយេីងធ្វេីអ្វីៗសព្វបែបយ៉ាងដេីម្បីបងប្អូនប្រជាពលរដ្ឋទទួលបានសប្បាយភាពក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានយកជីវិតធ្វេីដេីមទុនមកប្តូរយកសន្តិភាពជូនប្រជាជន។
ឯកឧត្តម បានបញ្ជាក់ថា យេីងទទួលបានសន្តិភាព យេីងត្រូវថែរក្សាសន្តិភាព និងថែរក្សាសន្តិសុខ កងកម្លាំងរបស់យេីង បានប្តូរផ្តាច់ជឿជាក់លេីរាជរដ្ឋាភិបាល ដែលយកអស់កម្លាំងកាយកម្លាំងចិត្ត ធ្វេីពលីកម្មគ្រប់បែបយ៉ាង ដេីម្បីប្រជាជន ហេីយជាអ្នកបម្រេីនិងការពារប្រជាជន យ៉ាងល្អប្រសេីរតាមរយៈបទពិសោធន៍នាពេលកន្លងមក ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ជាពិសេសកាលពីពេលថ្មីៗនេះ ក្នុងពិធីភ្ជុំបិណ្ឌយេីងបានធ្វេីកិច្ចការងារល្អប្រសេីរ តាមរយៈការពារសុវត្ថិភាពនៅតាមផ្ទះប្រជាពលរដ្ឋ ដែលបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យមួយដែលប្រជាពលរដ្ឋធ្វេីការចាកចេញពីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមស្រុកកំណេីតរបស់គាត់ ប៉ុន្តែផ្ទះរបស់គាត់មិនអាចទៅតាមបានទេ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចអាជ្ញាធរ រាជធា នីភ្នំពេញ ហេីយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាអ្នកបម្រេីប្រជាពលរដ្ឋ បានធ្វេីកិច្ចការងារនេះបានល្អប្រសេីរ គឺការពារផ្ទះរបស់ពួកគាត់បានគត់មត់ ធ្វេីអោយគាត់ធ្វេីដំណេីរកម្សាន្តដោយមិនមានការខ្វាយខ្វល់នឹងទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងផ្ទះ ដែលនេះជាវីរភាពមួយរបស់កងកម្លាំង ដែលក្នុងនាមថ្នាក់ដឹកនាំ និងក្នុងនាមឯកឧត្ដមផ្ទាល់សូមកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ ក្រោមការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងគឺជាអ្នកការពារប្រជាពលរដ្ឋ គ្រប់កាលទេសៈ ធ្វេីកិច្ចការងារដេីម្បីប្រជាពលរដ្ឋ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព សន្តិសុខ និងទទួលបាននូវបរិស្ថានជុំវិញឱ្យល្អប្រសេីរ នេះជាកិច្ចការងាររបស់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវតែបំពេញជូនប្រជាពលរដ្ឋ ហេីយកងកម្លាំងយេីងធ្វេីបានល្អប្រសេីរ នូវកិច្ចការងារនេះ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញសូមឱ្យកងកម្លាំងទាំងអស់រក្សាបាននូវប្រពៃណីដ៏ល្អនេះសម្រាប់ប្រជាជនខ្មែរ ដែលកំពុងមានជំនឿលេីកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការការពារសន្តិសុខសុវត្ថិភាពដែលបានខិតខំប្រឹងប្រែងធ្វេីកិច្ចការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន ដេីម្បីការពារប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្តិភាព ទទួលបានសុវត្ថិភាព ល្អប្រសេីរពីមួយថ្ងៃទៅមួយថ្ងៃ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ ជាថ្ងៃដំបូងនៃការចាប់ផ្តេីមដំណេីរការបុណ្យអុំទូកនៅតាមដងទន្លេសាបមុខព្រះបរមរាជ្យវាំងដែលរដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ទីតាំងឫជាម្ចាស់ផ្ទះបានត្រៀមលក្ខណៈរួចជាស្រេចដេីម្បីទទួលអំណរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុករយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ឃួងស្រេង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ទៅផ្តល់ជូនកងកម្លាំងដេីម្បីជាការលេីកទឹកចិត្តក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យរួមមាន៖ ឧបត្ថម្ភដល់កម្លាំងការពារក្នុងតំបន់A ,តំបន់Bនិងកម្លាំងជំនាញបច្ចេកទេសចំនួន១៣.៧០៧នាក់ក្នុងម្នាក់៥ម៉ឺនរៀល។ ឧបត្ថម្ភទីបញ្ជាការវាលព្រះមេរុ ៥លានរៀល។ ឧបត្ថម្ភទីបញ្ជាការចំណតទូកស្នាក់នៅថវិកា៥លានរៀល.ឧបត្ថម្ភទីបញ្ជាការស្រាលចំនួន១៦ទីតាំងក្នុង១ទីតាំងថវិកា ចំនួន២លានរៀល .ទឹកសុទ្ធចំនួន៤០០០កេស និងភេសជ្ជៈចំនួន១៣០០កេស៕
ដោយ ៖ សំរិត