ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សាជាលើកដំបូង រវាង លោក បៃដិន និងលោក ត្រាំ នៅសេតវិមាន មុនការផ្ទេរអំណាចជាផ្លូវការ នៅដើមឆ្នាំក្រោយ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានទទួលស្វាគមន៍ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅឯសេតវិមាន ជាជំនួបប្រពៃណីមួយ ដែលមិនបានកើតឡើងនោះឡើយ កាលពីពេលដែលលោក ត្រាំ ចាញ់លោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

ក្នុងជំនួបខាងលើ លោក បៃដិន អាយុ៨១ឆ្នាំ និង លោក ត្រាំ អាយុ៧៨ឆ្នាំ បានចាប់ដៃរាក់ទាក់គ្នា ហើយអ្នកទាំងពីរ បានសន្យាថា ដំណើរការផ្ទេរអំណាច នឹងប្រព្រឹត្តទៅដោយរលូនបំផុត ពោលគឺផ្ទុយគ្នាជាមួយកាលពីពេល លោក ត្រាំ បានបដិសេធទទួលស្គាល់បរាជ័យរបស់ខ្លួន កាលពីឆ្នាំ២០២០។ ក្រោយចាញ់ការបោះឆ្នោតនាពេលនោះ លោក ត្រាំ ពុំបានអញ្ជើញលោក បៃដិន ទៅជួបគ្នានៅសេតវិមាន​ឡើយ។ ការមិនទទួលស្គាល់របស់លោក ត្រាំ ថែមទាំងបង្កឱ្យ​ក្រុមអ្នកគាំទ្ររបស់លោក នាំគ្នាសម្រុកចូលវាយលុកវិមានសភាអាមេរិកទៀតផង នៅប៉ុន្មានសប្តាហ៍មុនពេល លោក បៃដិន ត្រូវស្បថចូលកាន់តំណែង។លោក បៃដិន ដែលកាន់អំណាចបានមួយអាណត្តិ សម្រេចចិត្តមិនបន្តឈរឈ្មោះសម្រាប់អាណត្តិទី២ ប៉ុន្តែបាន​មើលឃើញអនុប្រធានាធិបតីរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ចាញ់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពី​សប្តាហ៍មុន។ លោក ដូណាល់ ត្រាំ នឹងត្រឡប់មកកាន់អំណាចនៅសេតវិមាន សាជាថ្មី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ កាលពីអំឡុង​ពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ត្រាំ ក៏មិនបាននៅចូលរួមដែរ៕

ដោយ៖ ធីរីណា(រូប​ថត៖ REUTERS​)


ចែករំលែក៖