ភ្នំពេញ៖ គណៈកម្មការបច្ចេកទេសប្រណាំងទូកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ បានណែនាំ និងផ្សព្វផ្សាយដល់អ្នកដឹកនាំទូក ចំណុះទូកទាំងអស់ ក៏ដូចជាអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយបន្តបញ្ជ្រាបការផ្សព្វផ្សាយជូនដល់អ្នកដឹកនាំទូក ចំណុះទូកទាំងអស់ ដែលត្រូវអនុវត្ត ព្រមទាំងប្រជាពលរដ្ឋទូទៅបានឈ្វេងយល់ឱ្យបានទូលំទូលាយនូវខ្លឹមសារអត្ថន័យតាមលក្ខណៈទំនៀមទម្លាប់ ប្រពៃណីជាតិ។ នេះបេីយោងតាមកាតចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន AKP នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
បើតាមការលើកឡើងរបស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការប្រណាំងទូកនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ លោក បានជម្រាបជូនថា ទូកង ទូកមួង និងទូកខ្នាតអន្តរជាតិទាំងអស់ ដែលបានចូលរួមប្រណាំងត្រូវតុបតែងរំលេចក្បាច់ រចនាទៅតាមលក្ខណៈវប្បធម៌ ប្រពៃណីជាតិសុទ្ធសាធ។ ក្នុងពេលប្រកួត កីឡាករ កីឡាការិនី ត្រូវមានសម្លៀកបំពាក់ជាឯកសណ្ឋាន តាមលក្ខណៈទំនៀម ទម្លាប់ប្រពៃណីខ្មែរយើង ហាមដាច់ខាត ការស្លៀកក្រម៉ា លែងខ្លួនទទេ ឬពាក់អាវវាលក្លៀកចូលរួមការប្រកួត។ ហាមពាក់ឯកសណ្ឋានដែលមានផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនឯកជន ឬផលិតផល ពាណិជ្ជកម្មណាមួយដែលអាចនាំឱ្យថយតម្លៃនៃវប្បធម៌ប្រពៃណីជាតិយើង។
កីឡាករ កីឡាការិនី អាចពាក់អាវមានស្លាកសញ្ញារបស់ក្រុមហ៊ុនឯកជន ឬផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយបានតែនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលហាត់សាកល្បងតែប៉ុណ្ណោះ ហើយស្លាកសញ្ញា ឬឈ្មោះក្រុមហ៊ុននៅលើអាវក៏មិនឱ្យមានទំហំឬវិជ្ឈមាត្រលើសពីប្រាំសង់ទីម៉ែត្រឡើយ។ បើកីឡាករ កីឡាការិនី ទូកណាពាក់អាវទាំងនោះក្នុងថ្ងៃប្រកួតផ្លូវការនឹងត្រូវទទួលការពិន័យដោយគណៈមេប្រយោគនិងគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត។ រដ្ឋបាលរាជធានីខេត្ត ដែលបានចាត់តាំងទូកចូលរួមប្រណាំងត្រូវមានម្ចាស់ការ ដោះស្រាយជីវភាព ជូនកីឡាករ កីឡាការិនី ទូករបស់ខ្លួនដោយផ្ទាល់ គួបផ្សំនឹងការជួយឧបត្ថម្ភពីគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ។ របាំ ចម្រៀង អបអរសាទរក្នុងពេលបុណ្យអុំទូក តាមទូកនីមួយៗត្រូវរក្សាឱ្យមានខ្លឹមសារបានល្អស្រប ទៅតាមលក្ខណៈប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិយើង។
ជុំវិញការប្រឡងប្រណាំងសោភ័ណភាពទូកតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ជាតិក៏ត្រូវបានលើកតម្កើង និងផ្តល់ការលើកទឹកក្នុងការប្រកួតប្រជែងជ័យលាភីផងដែរ ដោយឯកឧត្តម ប៊ូ ជុំសេរី បានសង្កត់ធ្ងន់ថា ទូក ង ទូក មួង និងទូកខ្នាតអន្តរជាតិទាំងអស់ដែលបានចូលរួមប្រណាំងនាឱកាសបុណ្យអុំទូកនេះនឹងត្រូវចាត់បញ្ចូល ក្នុងចលនាប្រឡងប្រណាំងអំពីសោភ័ណភាពតាមលក្ខណៈទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិ និងលក្ខណៈសម្បត្តិទូទៅនៃការគ្រប់គ្រងទូកនីមួយៗ។
លក្ខណៈសម្បត្តិ ដែលត្រូវត្រួតពិនិត្យ និងការវាយតម្លៃចំពោះទូកនីមួយៗត្រូវបានកំណត់លើលក្ខណៈចម្បងចំនួន៥ចំណុច ពី១ពិន្ទុដល់៥ពិន្ទុដូចៗគ្នា រួមមាន៖ សោភ័ណភាពនៃការតុបតែងរំលេចរចនាក្បូរក្បាច់ទូក, សំលៀកបំពាក់ជាឯកសណ្ឋានរបស់កីឡាករ កីឡាការិនី, សំលៀកបំពាក់ និងកាយវិការរបស់អ្នកបញ្ជាក្បាលទូក, ការគ្រប់គ្រង និងសាមគ្គីភាពផ្ទៃក្នុងក្រុម និងជាមួយដៃគូប្រណាំង និងការគោរពបទបញ្ជាបច្ចេកទេសរៀបចំការប្រកួត។
គួរបញ្ជាក់ថា ទូកង ទូក មួង និងទូកខ្នាតអន្តរជាតិ បុរស-នារី ដែលបានចូលរួមការប្រលងប្រណាំងផ្នែក សោភ័ណភាពហើយបានទទួលពិន្ទុខ្ពស់ជាងគេនឹងត្រូវបានប្រកាសថា បានជាប់ចំណាត់ថ្នាក់លេខ១ តាមប្រភេទទូក ក្នុងការប្រឡងប្រណាំងអំពីសោភ័ណភាព ចរិតវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិរបស់ការប្រណាំងទូក៕
ដោយ៖ តារា