ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ សំរាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ៣ថ្ងៃ ឆ្នាំ២០២៤នេះ បរិស្ថាន សំរាម ត្រូវបានប្រមូលបានយ៉ាងស្អាត ដោយសារក្រុមការងារធ្វើសកម្មភាពព្រមៗគ្នា ហើយក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់ខ្លួនគ្រប់គ្រងបានយ៉ាងល្អ ។
នេះជាការបញ្ជាក់របស់ ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាតំណាឯកឧត្ដម អភិបាលរាជធានីភ្នំពេញអញ្ជើញធ្វើសន្និសិទ្ធកាសែតនៅខាងមុខវេទិការបុណ្យអុំទូកមុខព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមាន ប្រសាសន៍លើកឡើងថា៖ សំរាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើង ប្រមូលបានល្អមែនទែន។ ការងារល្អបែបនេះគឺដោយសារឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ។ជាក់ស្តែងសំរាប់រយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់បានធ្វើ សកម្មភាពព្រមៗគ្នា ក្នុងនោះក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់គាត់គ្រប់គ្រងបានយ៉ាងល្អផងដែរ។
មន្ត្រីនៃមន្ទីរពាក់ព័ន្ធរបស់យើងក៏បានបំពេញការងារបាន យ៉ាងល្អព្រមៗគ្នាផងដែរ ដោយចុះអប់រំណែនាំប្រជាពលរដ្ឋអោយទុកដាក់សំរាម ហើយក្រុមហ៊ុន ក៏បានប្រមូលសំរាមយ៉ាងល្អ។ ជាក់ស្តែងរយៈពេល២ថ្ងៃនេះ យើងធ្វើបានល្អមែនទែន ពោលគឺត្រឹមម៉ោង៥ទៅម៉ោង៦ទៀបភ្លឺ យើងប្រមូលនិងសំអាតសំរាមបានស្អាត គឺភ្នំពេញយើងស្អាតដូចថ្ងៃធម្មតា ហាក់ដូចមិនមានពិធីដែលមានមនុស្សជាង២លាននាក់ចូលរួមអញ្ចឹង។
ឯកឧត្ដមហួត ហៃ បានបន្តថា សំរាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រើកម្មករប្រមាណ១៥០០នាក់ រថយន្តបានត្រៀមជាង១០០គ្រឿង ពង្រាយធុងសំរាមថ្មី១៣០០ធុង។យើងមានមធ្យោបាយគ្រប់បែបយ៉ាងមានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដើម្បីប្រមូលធុងសំរាមចេញពេលដែលពេញនិងមានម៉ូតូកង់បីប្រមូលសំរាមថែមទៀត។
ឯកឧត្ដមហួត ហៃ បានបន្តថា កាលពីថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រមូលសំរាមទៅកាន់ទីលានដាក់សំរាមបានចំនួន៣៨០០តោន តែសំរាប់ថ្ងៃទី៣នេះយើងមិនទាន់ទទួលបានទូរលេខនៅឡើយទេ។ប៉ុន្តែសំរាមអាចច្រើនជាងកាលពីថ្ងៃទី២ ដោយហេតុថា នៅថ្ងៃទី៣ មានអ្នកចូលរួមច្រើនគុណនិង២ដងនៃថ្ងៃទី២ គឺមានអ្នកចូលរួមរហូតដល់ជាង២លាន២សែននាក់ឯណោះ។
ឯកឧត្ដមហួត ហៃ បន្ថែមទៀតថា បញ្ហាសំរាមឆ្នាំនេះយើងរៀបចំគ្រប់គ្រងបានល្អ យើងបានពង្រាយធុងសំរាមជាង១០០០ធុង ប្រជាពលរដ្ឋបានចូលរួមទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលក្នុងការប្រមូល។
ឯកឧត្ដម ហួត ហៃ ក៏បានអំពាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមដើរលេងកំសាន្តនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សូមទុកដាក់សំរាមក្នុងធុងឱ្យបានល្អ បើធុងសំរាមពេញសូមដាក់ក្នុងថង់ធំដែលយើងបានចែកជូន សូមចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីឱ្យទីក្រុងយើងស្អាត បរិស្ថាន ល្អ។
ឯកឧត្ដម ហួត ហៃ បញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញយើងបច្ចុប្បន្ននេះ សំរាមនិងបរិស្ថាននៅក្នុងទីក្រុង ពិតជាល្អមិនចាញ់ប្រទេសជិតខាងយើងឡើយ។ប្រទេសគេពិតជាស្អាត តែរាជធានីភ្នំពេញរបស់យើងក៏មិនចាញ់គេដែរ ដោយយើងបានធ្វើការកែទម្រង់លើវិស័យសំរាមនេះបានល្អ យើងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ធ្វើសកម្មភាពបានល្អព្រមៗគ្នា។
គួរបញ្ជាក់ថា៖បើយោងតាមរយះផេកហ្ផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយនៅថ្ងៃទី១៦វិច្ឆិកានេះបានកោតសរសើរនិងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ៕
ដោយ ៖ សំរិត