ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សូមជម្រាបជូនថា រយៈពេល៣ថ្ងៃកន្លងទៅនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យគោលដៅជុំវិញតំបន់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលមានភារកិច្ចចូលរួមការពារសន្តិសុខ សុវត្ថិភាព នឹងការពារគោលដៅបិតបេីកផ្លូវនៅតាម និងបានធ្វេីការណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់បន្ថែមទៀតនាថ្ងៃចុងបញ្ចប់ ដេីម្បីថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានមកដេីរលេងកម្សាន្ត និងផ្ដាំផ្ញេីរដល់កម្លាំងទាំងអស់ត្រូវក្រមសីលធម៍ និងសុជីវធម៍ខ្ពស់ក្នុងពេលបំពេញការងារ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចូលរួមប្រជុំជួរ ដើម្បីត្រួតពិនិត្យកម្លាំងប្រចាំការ ការពារសន្តិសុខ សុវត្ថិភាពនៅទីតាំងចំណតទូក កន្លែងស្នាក់នៅរបស់កីឡាករអុំទូក និងកន្លែងប្រគុំតន្រ្តី នៅទីលានប្រជាធិបតេយ្យ និងគោលដៅបង្វែរទិសចរាចរណ៍នៅក្រោមស្ពានព្រែកព្នៅ និងស្តុបឡឥដ្ឋ ក្នុងខណ្ឌឫស្សីកែវ៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច