ភ្នំពេញ ៖ បុរសម្នាក់បានដើរមកងូតទឹកនៅកោះនរា ហេីយ សង្ស័យរអិលជើងធ្លាក់ចូលទឹកជ្រៅហែលមិនរួចក៏លិចបាត់ក្រុមគ្រួសារបាត់១យប់ដើររក បែរជាឃើញសពអណ្ដែតទឹកហើមស្លាប់ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤នៅចំណុចមាត់ទន្លេមេគង្គទីក្រុងកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា (សពជនរងគ្រោះត្រូវជាប្ដី)ឈ្មោះ ប៊ុនរិត ដារ៉ា អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកហាងបុកល្ហុង ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាលជាមួយគ្នា។
ប្រភពដដែលបានបន្តថា កាលវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ប្ដីរបស់គាត់បានមកងូតទឹកទន្លេមេគង្គនៅទីក្រុងកោះនរាហើយបាត់ដំណឹងឈឹងរហូតយប់ក៏នាំគ្នាដើររកតែមិនឃើញតែបានជួបកម្មករនៅកោះនរាសាកសួរប្រាប់ភិនភាគប្ដីគាត់រួចកម្មករឆ្លើយថាឃើញគាត់ដោះខោនិងមួកចុះងូតទឹករួចបាត់អត់ឃើញឡើងមកវិញរួចក៏ទៅសួរសន្តិសុខនៅទីក្រុងកោះនរា ក៏ឆ្លើយថា មានខោនិងមួកសូមបងទៅមើលត្រូវអត់ ហើយសន្តិសុខមើលតាមទូរស័ព្ទគឺពិតជាមួកនិងខោប្ដីរបស់គាត់មែនហើយក៏ចាប់ផ្ដើមដើររកតែដោយសារយប់ពេករង់ចាំមេឃភ្លឺទេីបមករកម្ដងទៀត ។
លុះដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែល ប្រពន្ធជនរងគ្រោះនិងសាច់ញាតិបានដើរមករកមើលតាមមាត់ទន្លេមេគង្គកន្លែងដែលប្ដីគាត់ងូតទឹកក៏ឃើញសពអណ្ដែតទឹកពីច្រាំងទន្លេមេគង្គទីក្រុងកោះនរា ដែលមានចំងាយពី៥០ម៉ែត្ររួចជួលទូកនេសាទទៅមើលឃើញពិតជាប្ដីគាត់មែន ទេីបយកខ្សែរុំលើខ្លួនអូសយកមកដាក់នៅអែបច្រាំងទន្លេហើយបានទូរស័ព្ទប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យសពដើម្បីសុំយកសពទៅស្រុកកំណើតដេីម្បីធ្វេីបុណ្យដោយមិនប្ដឹងផ្ដល់ទៅលើបុគ្គលណានោះទេ ។
តាមកម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនិងអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យសព និងយោងតាមសាក្សីកម្មករទីក្រុងកោះនរា ព្រមទាំងតាមសម្ដីក្រុមគ្រួសារស្រ្តីជាប្រពន្ធ គឺជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ៕
ដោយ ៖ ភារ៉ា ដង្កោ