ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជាបានប្រកាសជំហរជាថ្មីពីការគាំទ្រគោលនយោបាយចិនតែមួយ ខណៈដែលមិត្តចិនតែងតែគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ហើយនេះជាផ្នែកមួយនៃការលើកកម្ពស់ដល់ការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខរបស់កម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបគណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយ លោក ស៊ី ហុងឆាយ ប្រធានគណៈកម្មាធិការកិច្ចការថវិកា នៃគណៈកម្មាធិការអចិន្ដ្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។
ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានដកស្រង់ប្រសាសន៍សម្តេចប្រធានរដ្ឋសភាកម្ពុជាថា ការព្យាយាមបំបែកនូវតំបន់ផ្សេងរបស់ចិនដូចជា៖ នៅតំបន់ទីបេ ស៊ីនជាំង កោះតៃវ៉ាន់ ហុងកុង ជាការជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ចិន។ លោក កែវ ពិសិដ្ឋ បញ្ជាក់យ៉ាងដូច្នេះថា៖ « សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានបញ្ជាក់ពីការគាំទ្រនូវគំនិតផ្តួចផ្តើមដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ(កម្ពុជា-ចិន)បានដាក់ចេញកន្លងមក ក្នុងគោលបំណងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, កិច្ចសហប្រតិបត្តិការច្រករបៀងឧទ្យានឧស្សាហកម្ម និងបច្ចេកវិទ្យា, កិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆា និងអង្ករ, នយោបាយនិងសន្តិសុខ, ថាមពលនិងកសិកម្ម និងការផ្លាស់ប្តូរទំនាក់ទំនងនិងវប្បធម៌រវាងប្រជាជនប្រទេសទាំងពីរ ។ »
លោក ស៊ី ហុងឆាយ បានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលតែងតែរក្សាជំហរគាំទ្រគោលនយោបាយចិនជារៀងរហូតមក ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស្អិតរមួតបន្ថែមទៀត។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា និងប្រទេសចិន បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគ្រប់កម្រិត និងកាន់តែរឹងមាំដូចដែកថែប ដោយក្នុងនោះភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕
ដោយ ៖ សិលា