ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណីបាត់ម៉ូតូ ចំនួន ១គ្រឿង កាលពីម្សិលមិញនេះ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ៖ ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ៖ ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ខ្ញុំ និងក្រុមគ្រួសារ បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕
ដោយ ៖ សិលា