កាលពីថ្ងៃទី ២១ ខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមេដឹកនាំជាន់ខ្ពស់នៃក្រុមហាម៉ាសមួយចំនួន។
យោងតាមដីកាចាប់ខ្លួនដែលចេញដោយប្រធានរដ្ឋអាជ្ញា Karim Khan ឥស្សរជនជាន់ខ្ពស់មកពីអ៊ីស្រាអែល និងក្រុមហាម៉ាសបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប និងទឹកដីប៉ាឡេស្ទីន។
ជាមួយនឹងការសម្រេចចិត្តរបស់ ICC លោក Netanyahu លោក Gallant និងឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាសមួយចំនួនបានក្លាយជាជនសង្ស័យដែលអន្តរជាតិចង់បាន។ ទន្ទឹមនឹងនោះ ដីកាចាប់ខ្លួននេះ ទំនងជាធ្វើឱ្យបាត់បង់នូវលទ្ធភាពនៃការចរចាបទឈប់បាញ់ក្នុងជម្លោះដែលបានអូសបន្លាយជាង ១៣ ខែ។
នាយករដ្ឋមន្ត្រី Netanyahu និងមន្ត្រីអ៊ីស្រាអែលបានថ្កោលទោសដីកាចាប់ខ្លួន ICC ដោយហៅវាថាជាទង្វើដ៏អាម៉ាស់។ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានរិះគន់រដ្ឋអាជ្ញា Karim Khan និងបានសម្តែងការគាំទ្រចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងហានិភ័យនៃការវាយប្រហារដោយក្រុមហាម៉ាស។ ក្រុមហាម៉ាសក៏បានរិះគន់ចំពោះដីកាចាប់ខ្លួនផងដែរ។
គណៈវិនិច្ឆ័យ ICC បានរកឃើញថា មានហេតុផលសមហេតុផលដើម្បីបញ្ជាក់ថា បុគ្គលទាំងនេះមានចេតនាបង្អត់អាហារជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយដកហូតរបស់របរសំខាន់ៗសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស រួមមានអាហារ ទឹកផឹក ថ្នាំពេទ្យ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ប្រេងឥន្ធនៈ និងអគ្គិសនី។ ក្នុងចំណោមចៅក្រមបីរូបបានសរសេរក្នុងសេចក្តីសម្រេចជាឯកច្ឆ័ន្ទក្នុងការចេញដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Associated Press បានវាយតម្លៃថា ផលប៉ះពាល់ជាក់ស្តែងនៃដីកាចាប់ខ្លួនអាចមានកម្រិត ដោយសារអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល មិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ។ លើសពីនេះ ឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស់ជាច្រើននាក់នៅក្នុងដីកាចាប់ខ្លួនត្រូវបានសម្លាប់នៅក្នុងជម្លោះ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters